Saturday, July 16, 2016

39. Poem #‎rbu_845_កុកសក្រទីឈរ‬

កំណាព្យនេះ ខ្ញុំតែងកាលពីថ្ងៃទី១៥កក្កដា២០១៥ នៅពេលឃើញរូបថត
នៅក្នុង Google កុកសឈរទំលើខ្នងសេះសនៅវាលទឹកល្ហិចៗ៖
១. កុកអើយកុកស ក្រទីឈរ
ដីមួយគំនរ ឈរលើខ្នង
ខ្លាចប្រឡាក់ជើង ឬលោកបង
អីហ្នឹងចិត្តប៉ង ចាំចាប់ត្រី?
២. ត្រីឃើញកុកស លើខ្នងសេះ
ឆ្កុងឆ្កឹងដូច្នេះ ថា៖ 'ទេ ហ្អី
ឯងចង់ស៊ីយើង ជាចំណី
តែឯងខ្ពើមដី ខ្ជិលលុយភក់?'។
៣. ឮត្រីស្ដីឡក កុកធ្វើងើយ
ថា៖ 'នែ៎ អាឈ្លើយ អញគង់ភ្លក្ស
សាច់ត្រីពួកឯង ចឹកឲ្យទក់
ក្រែងស្លាក់លេបឈ្លក់ ឆ្ងាញ់មាត់អញ'។
៤. ត្រីថា៖ 'អើវើយ កុកឫស្យា
អីពូជឯងអា ស៊ីសាច់ឆ្ងាញ់
តាមព្យាបាទគេ ប៉ងចាប់អញ
គួរធ្វើសំឡាញ់ ជាងសត្រូវ'។
៥. កុកថា៖ 'ធ្វើម៉េច បើកើតមក
ស៊ីត្រី ... ' - ត្រីស៊ក៖ 'ឯងអស់ផ្លូវ
សាងបុណ្យកុសល កម្មតម្រូវ?
ឥឡូវដោះសា ឆ្លើយបង្វែង'។
៦. ត្រីចឹកជើងសេះ ឲ្យសេះភ្ញាក់
លើកជើងទធាក់ កុកធ្លាក់ឯង
ទៅប៉ះជើងសេះ សេះធាក់ប៉ែង
កុកឈឺចំបែង ខានស៊ីត្រី។
រក្សាសិទ្ធិ copyright rbu_spp 9:09 am Wednesday July 15, 2015 សៅរ៍ ពុធពង្ស Sao Puthpong

No comments:

Post a Comment