Thursday, July 14, 2016

33. Poem #‎rbu_840_ច្បាប់សត្វ‬

14 July 2015 at 06:27
១. ហ្នឹងច្បាប់សត្វ មនុស្សប្រើ
ខ្លាំងណាស់តើ ប្រឹងព្រលះ
"អ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ
អ្នកណាឈ្នះ អ្នកហ្នឹងត្រូវ"។
២. ច្បាប់សត្វហ្នឹង ពុំមានចែង
ប្រឹងខ្លួនឯង កេរម៉ែឪ
ចេះប៉ុន្មាន ត្រូវមិនត្រូវ
វាយតាមផ្លូវ ឬទីណា។
៣. កំហឹងដល់ ពុំខ្វល់អ្វី
ពុំថាស្រី ខ្វះវិចារណ៍
លែងគិតខ្មាស កណ្ដាលផ្សារ
ឬក្នុងបារ វាយទាំងអស់។
៤. ច្បាប់សត្វនេះ កំហឹងត្រួត
ជាទៅឆ្កួត គ្មានក្បួនសោះ
ប្រឹងចង់ឈ្នះ ហែកកេរ្តិ៍កោះ
ខ្វាចខ្វេះបោះ ឃើញអស់ហើយ។
៥. សត្វខាំគ្នា វាពុំយល់
ឯម្នុស្សជល់ កុំឆ្ងល់ឡើយ
ចង់ធ្វើសត្វ ប្រឹងអួតឆ្ងើយ
ជល់គ្នាហើយ ខ្វះសតិ។
៦. នេះម្យ៉ាងដែរ ម្នុស្សឈ្លោះគ្នា
ប្រើសភា- វគតិ
អំណួតអញ ទុទិដ្ឋិ
អាងអស្មិ- មានះខុស។
កំណត់៖ ម្នុស្ស ជាពាក្យនិយាយនិងការតម្រូវជើងកាព្យ ពីពាក្យ មនុស្ស
ឆ្ងើយ (គុ) ដែលងើយបះឡើង ឧ. ក្នុងសុភាសិត "ដឹងឆ្ងើយដ្បិតដង កូនសោតរែងឆ្គងដ្បិតមេបា"។
រក្សាសិទ្ធិ copyright 6:39 am Tuesday July 14, 2015 Puthpong Sao សៅរ៍ ពុធពង្ស
-4:58

No comments:

Post a Comment