Wednesday, July 13, 2016

32. Poem ‪#‎rbu_839_ជ្រោះអូររំសាយ‬

13 July 2015 at 19:09
ទឹកអូរហូរខ្ពស់ ជ្រោះសក់រំសាយ
រលាស់អន្លាយ ផាត់ផែនថ្មដា
សម្រស់ព្រឹក្សព្រៃ ចម្រៀងបក្សា
ក្រងអនុស្សារណ៍ បុព្វតាជីវិត។
មៀងមើលទឹកជ្រោះ ហួសដៃឈោងដល់
រលោងកោមល ផែនថ្ពាល់វរមិត្រ
លើកដៃអង្អែល ថើបថ្មមចំពិត
ជាគូជីវិត គូពិតនឹងស្រី។
ជ្រោះជ្រលងអូរ វាយោផ្ដែផ្ដាំ
ពាក្យអូនបងចាំ បណ្ដាំស្រស់ស្រី
ដងអូរទឹកជ្រោះ ចារឈ្មោះ'ភក្ដី'
ស្នេហ៍បងនិងស្រី ថ្លៃស្មើលោកា។
ជំនោររំភើយ ល្ហើយសព្វដួងចិត្ត
ដូចនៅតុសិត ស្និទ្ធកៀកកាយា
ជំនន់មនោ ប្រលោមកាមា
ចែងពាក្យសច្ចា ស្នេហ៍អមតៈ។
រក្សាសិទ្ធិ copyright rbu_spp 7:07 pm Monday July 13, 2015 សៅរ៍ ពុធពង្ស Sao Puth

No comments:

Post a Comment