១. ក្រមុំមានលក្ខណ៍
ប្រុសៗព្រើតភ្ញាក់
រលាក់សំណើច
រលាស់នេត្រា
មៀងភក្ត្រាសើច
ក្នុងចិត្តនឹកស្ងើច
នាងកែវមនោរាហ៍។
២. មើលទៅខាងនោះ
ភក្ត្រស្រស់សស្គុស
គឺនាងចន្ទ្រា
អើតភក្ត្រក្រឡង់
ដូចចង់សន្ទនា
លើកហត្ថវន្ទា
ចន្ទ្រាមាសអើយ។
៣. ម្ដេចក៏នៅស្ងៀម
មៀងមុខអឹមអៀម
ឬនាងតោះតើយ
ឲ្យផ្កាយកំព្រា
គ្មានគ្នាកៀកកើយ
ឱ ចន្ទ្រាអើយ
ម្ដេចឡើយដាច់ចិត្ត។
៤. ឯណេះ មណី
មិចភ្នែកមមី
ដូចលែងអាណិត
មេខលា មៀង
ដៀងភ្នែកបញ្ឆិត
បញ្ឆោតដូចឥត
បង់ចិត្តមេត្តា។
៥. មើលនាង Joly
សក្តិសមទេពី
ទ្រង់គ្រឿងពស្ត្រា
អម្ពរពេជ្រព័ទ្ធ
កែវរតន៍អប្សរា
ដូចទេពធីតា
យាងចាកឋានសួគ៌។
រក្សាសិទ្ធិ copyright rbu_spp Friday July 10, 2015, RE: Sao Puthpong
សេចក្ដីអធិប្បាយ comments ៖
Puthpong Sao:
អរគុណនាងភក្ដី ចំពោះ comment ជារូបភាព ទើបខ្ញុំសរសេរថែមល្បះទី៥។
Angelina Joly in Khmer Apsara costume.
ជី មេត្តា:
ស្នាដៃបវរ
កេរកាព្យស្មេរល្អ
អភិរក្សស្នា
សិល្បៈកាព្យខ្មែរ
កេរពីដូនតា
ស្ទួយជាតិខេមរា
អក្សរជាតិខ្លួន។
Puthpong Sao:
អរគុណជូូនតប
សូមបានប្រកប
សុខភាពមាំមួន
មង្គលសិរី
យសធំកំភួន
ទ្រព្យចូលផ្ទួនៗ
សមសួនតាមសក្តិ។
ជី មេត្តា:
សាធុប្រុសបង
ពរសមកន្លង
ប្អូនអរគុណជាក់
បងក៏ដូចគ្នា
ចម្រើនកើនថ្នាក់
មានយសមានសក្តិ
កបដោយគុណធម៌។
ជា សំអាត ផ្កាយខ្មៅ ផ្កាយខ្មៅ:
បងប៉ិនសសើរ
សមសព្វដំណើរ
រូបឆោមកាយា
ឲ្យស្រីលុះលង់
បែរបាក់ចិន្តា
ងាកងប់ស្នេហា
ចារចងចិត្តស្ម័គ្រ។
Puthpong Sao
លោក សំអាត
ទាំងនេះក៏ព្រោះ ខ្ញុំនៅចាំ
កំពូលវណ្ណកម្ម ដូនតាខ្មែរ
អក្សរសិល្ប៍ខ្ពស់ ជាហូរហែ
រឿងរាមកេរ្តិ៍ខ្មែរ ទុំទាវ ក្ដី។
ទាំងរឿង សព្វសិទ្ធ និងផ្សេងៗ
សព្វទាំងរឿងព្រេង ទាំង កាកី
មរណមាតា ហង្សយន្តក្ដី
អួតសម្រស់ស្រី ពាក្យល្អៗ។
No comments:
Post a Comment