Saturday, October 29, 2016
242. Poem #rbu_គ្រោះថ្នាក់សិល្បៈមុខលុយ
8am ·
ការអានមានប្រយោជន៍៖
#rbu_គ្រោះថ្នាក់សិល្បៈមុខលុយ
Reading benefits You http://r-b-u.blogspot.com
កុនខ្មែរសព្វថ្ងៃ វិស័យចម្រៀង
ប្រែប្រួលមិនទៀង មិនដូចពីដើម
កវីនិពន្ធ សិល្បករឆ្នើម
ស្នាដៃសម្បើម ខាងវិស័យកុន។
តំបន់អាស៊ាន គ្មានប្រទេសណា
ឈ្នះជាតិខេមរា ល្បីដូចមានបុណ្យ
មិនដូចឥឡូវ កុនខ្មែរដាបដុន
ដួលធ្លាក់យ៉ាកចុន សែនអន់អ្វីម៉្លេះ។
ហ្នឹងព្រោះឥឡូវ និយាយតាមត្រង់
សម្បូរអ្នកចង់ ច្រើនជាងអ្នកចេះ
គេធ្វើអ្វីៗ ពុំគិតតម្រិះ
គិតថាលុយចេះ ធ្វើបានគ្រប់យ៉ាង។
អ្នកចង់អ្នកចេះ តម្រិះខុសគ្នា
ចង់ឥតវិជ្ជា យកលុយជាអាង
ធ្វើតាមអារម្មណ៍ អំណួតឡើងចាង
សព្វយ៉ាងកិច្ចការ បរាខូចបង់។
អ្នកចេះមានក្បួន លាក់ខ្លួនពុំចេញ
ឯអ្នកចង់វិញ ចេញមុខអួតខ្ញង់
បានដៃក្រុមហ៊ុន កើបលុយត្រង់ៗ
ជាមួយអ្នកចង់ កុនខ្មែរធ្លាក់ទឹក។
ទម្លាប់គិតងាយ និយាយធូរៗ
ប្រព្រឹត្តយូរៗ ទង្វើតាមនឹក
គ្មានក្បួនតម្រា គិតយប់ធ្វើព្រឹក
ធ្វើតាមចិត្តនឹក ធ្លាក់ទឹកអសារ។
អ្នកដឹកនាំអន់ អ្នកនិពន្ធខ្សោយ
ចាក់គ្នាបណ្ដោយ ពុំយល់សាច់ការ
អ្នកថតចេះស្ទើរ ស្មានខុសតម្រា
អ្នកស្ដែងសោតណា យល់ការតិចពេក។
ស្ដាប់តែចម្រៀង គេច្រៀងឥឡូវ
ពាក្យពេចន៍ខុសផ្លូវ អួតខ្ពស់កប់មេឃ
ពុំត្រូវជើងកាព្យ គំនិតរាក់ពេក
គួរឲ្យសង្វេគ សិល្បៈមុខលុយ។
ទំនុកចម្រៀង សំនៀងគ្មានបទ
ខ្វះក្បួនប្រាកដ គេគិតតែលុយ
សមត្ថភាពស្ទើរ គុណភាពធូរឃ្សុយ
សិល្បៈក្រោមលុយ លង់ទឹកដុល្លារ។
មើលការសម្ដែង ឃើញឯងអារម្មណ៍
ទាំងអ្នកដឹកនាំ សម្អាងកាយា
មិនត្រូវសាច់រឿង ទាំងកាយវិការ
មារយាទសោតណា ឱបថើបងាយៗ។
សិល្បៈគិតងាយ និយាយធូរហ្នឹង
អាចឲ្យថ្លែងថ្លឹង ដឹងចិត្តរាយមាយ
ឃើញច្បាស់នឹងភ្នែក ពុំបាច់និយាយ
ការគិតធ្វើងាយ នាំសិល្បៈដួល៕
កំណាព្យរក្សាសិទ្ធិ copyright rbu_spp 29 October 2013, Puthpong Sao
Image may contain: text
Subscribe to:
Post Comments (Atom)
No comments:
Post a Comment