Monday, October 17, 2016

221. Poem #rbu_621_អធ្រាត្របាត់ស្នេហ៍


អធ្រាត្រឃ្លាតខ្លួន ពួនសោកា
ច័ន្ទ្រលែងមេត្តា រងាកាយ
មេឃាងងឹត ជិតបាត់ឆ្ងាយ
ចិន្ដានឿយណាយ កាយជាប់ទុក្ខ។

ទុក្ខអើយទោម្នេញ ពេញឱរា
ព្រាត់បែកសង្សារ មហាទុក្ខ
អធ្រាត្រឃ្លាតស្នេហ៍ ស្នេហ៍បាត់មុខ
ជីវិតកម្មគុក ទំនុកព្រួយ។

ឱ តារាអើយ កុំឡើយអ្នក
ចំអកសើចដាក់ បើមិនជួយ
ខ្ញុំបាត់សង្សារ ស្នេហាមួយ
ជីវិតទុក្ខព្រួយ ច័ន្ទ្រចាកមេឃ។

ហេតុអ្វីច័ន្ទ្រអូន បង់មេត្តា
បំភ្លេចសង្សារ ឲ្យសង្វេគ
ងងឹតផែនដី ច័ន្ទ្រព្រាត់មេឃ
ផែនទ្រូងទឹកភ្នែក ដេកមិនលក់។

លក់កាយលង់ចិត្ត គិតសុបិន
នឹកឆោមមាសឆ្អិន អង្គុយងក់
ឮបក្សីច្រៀង បងនឹកភ្នក
គិតថាអូនមក រកបងវិញ។

អធ្រាត្របាត់ស្នេហ៍ មេឃព្រាត់ច័ន្ទ្រ
ចិត្តដក់ជាប់ដាន សែនកន្ទេញ
ផ្កាយអើយជួយផង ផុតទោម្នេញ
បើកមេឃឡើងវិញ មេឃជួបច័ន្ទ្រ៕

© Copyright rbu_spp October 17, 2013 at 10:25 am Puthpong Sao

No comments:

Post a Comment