Monday, October 17, 2016

224. Poem #rbu_965_ដូចព្រះពិស្ណុការ

ដូចពិស្ណុការចាប់កំណើត
នាងតូចដៃឆើតចេះវិចិត្រ
គូររូបលើដីយ៉ាងប្រណីត
ដូចទេពសណ្ឋិតក្នុងវិញ្ញាណ។
កាលនៅពីតូចពិស្ណុការ
មានញាណប្រាជ្ញាព្រះប្រទាន
គូរឆ្លាក់លើដីលើលោកគ្មាន
កោសល្យទេពញាណសាងអង្គរ។
តាំងពីកុមារតូចក្មេងខ្ចី
ចូលចិត្តលេងដីពេលដើរឈរ
ប្រើដៃពូនដីឈើគូសយក៍
ដូចឃើញអង្គរដ៏រុងរោជន៍។
ជាបុត្រព្រះនាងទេពធីតា
ព្រះពិស្ណុការតាំងពីតូច
មាតានាម"ចន្ទ្រ"គ្មានអ្នកដូច
ឆ្នើមច្នៃបុត្រតូចតាមចំណូល។
អ្នកស្រុកហៅ"ទិព្វសូដាចន្ទ្រ"
បង្ហាត់ជាក់ស្បាន់ប៉ាក់ត្បាញហូល
ផាមួងប្រណិតកេរត្រកូល
ពូជជាតិថ្កើងថ្គោលខ្មែរសំបួរ។
ព្រះរាជកុមារហាត់សាងសង់
តាមគម្រូប្លង់ក្រោលសេះសួគ៌
ដោយកោតព្រះឥន្ទ្រក្រែងពុំគួរ
ពេលតាទេពសួររើសមួយណា។
ក្នុងរាជ្យព្រះកេតុមាលា
រាជាបង្គាប់សាងប្រាង្គប្រា
សាទសែនវិចិត្រលើលោកា
ព្រះពិស្ណុការចាត់ការសង់។
អង្គរអង្គឺឮឆ្លងភព
ប្រណិតដូចជប្បសែនបញ្ចង់
ប្រាសាទបវរល្អឯកខ្ញង់
ដូចភ្នំមាសប្លង់ទាំងដុលដុំ។
គឺ"នគរវត្តស្ថាបត្យៈ
កម្ម"ល្បីបច្ចក្សទេសចរក៏ផ្ដុំ
មូលមីរដេរដាសកកកុញកុំ
មកសុំទស្សនាប្រាសាទសួគ៌។
កំណត់៖
តាមរឿងព្រេងប្រវត្តិ legend history ស្រាវជ្រាវដោយអ្នកជំនាញចម្រុះ ជាតិសាសន៍(ខ្មែរ អាមេរិកាំង បារាំង..)ដែលមានចុះផ្សាយក្នុងទស្សនាវដ្ដី ជាភាសាអង់គ្លេសAngkor Wat (ដែលមានសម្ដេចព្រះ នរោត្តម សីហនុ ជាប្រមុខសារព័ត៌មាននោះ ក្នុងឆ្នាំ១៩៦៩) ព្រះពិស្ណុការជាបុត្រាទោលរបស់ ព្រះនាង ទេពធីតាចន្ទ្រ Divine Daughter of the Moon និង បុរសសាមញ្ញម្នាក់ឈ្មោះ លឹម សេង។
តាមរឿងនោះ ព្រះនាងទិព្វសូដាចន្ទ្រ(ដែលជាបុត្រីពៅនិងបងស្រី៤អង្គទៀត ជាបុត្រីរបស់ព្រះឥន្ទ្រ និងជាកិន្នរី ឬ ទេពអប្សរ) បានហោះចាកឋានសួួគ៌ មក ក្រសាលនៅឋានមនុស្សលោកដែនកម្ពុជា ហើយបានបេះផ្ការបស់បុរសម្នាក់ ឈ្មោះ លឹម សេង។ នេះជាបទល្មើសនឹងច្បាប់ឋានសួគ៌។
នៅពេលត្រឡប់ទៅឋានសួគ៌វិញ បងៗបានទូលព្រះឥន្ទ្រជាបិតា។ ព្រះឥន្ទ្រ បានត្រាស់បង្គាប់ឲ្យព្រះនាងចុះមកនៅរួមរស់ជាប្រពន្ធនិងបម្រើបុរសម្ចាស់ផ្ការយៈពេលបីឆ្នាំតាមច្បាប់។
ពេលមកនៅរួមរស់នឹងគ្នានោះ ព្រះនាងបានបង្ហាត់បង្រៀនឲ្យអ្នកស្រុកចេះ ត្បាញហូលផាមួង .. ផ្សព្វផ្សាយពេញព្រះនគរនិងទៅដល់វាំងស្ដេចចិន...។ ព្រះនាងបានប្រសូតបុត្រាមួយអង្គ ដែលមាននិស្ស័យនឹងគំនូរចម្លាក់លើដី ចូលចិត្តលេងដី គូររូបនិងពូនដីជារូបប្រាសាទ ...។
លុះបុត្រាតូចមានព្រះជន្ម៣ឆ្នាំ ដល់កាលកំណត់រួចកម្មពៀរ ពេលប្ដីកំពុងតែ ធ្វើការនៅចម្ការនិងបុត្រកំពុងលង់លក់ ព្រះនាងបានកាច់ផ្កាទុកនៅលើខ្នើយ (ជាទំនៀមដើមខ្មែរនៃការលែងលះគ្នា) ហើយហោះត្រឡប់ទៅឋានសួគ៌វិញ។
កូនភ្ញាក់ឡើងរកម្ដាយមិនឃើញ បានស្រែកយំរត់ឆ្លេឆ្លារកម្ដាយដែលបាត់។ ឪពុកមកដល់ឃើញផ្កាដាក់លើខ្នើយយល់សេចក្ដីដឹងថាប្រពន្ធផុតកម្មនិងវិលត្រឡប់ទៅឋានសួគ៌វិញហើយ។
... កូនយំសួររកម្ដាយទាំងយប់ទាំងថ្ងៃ. .. រហូតដល់អាយុ១០(?)ឆ្នាំ ដើរតាមរកម្ដាយក្នុងព្រៃឆ្លងអូរស្ទឹង រហូតដល់ថ្ងៃមួយឃើញនាងកិន្នរី៥រូប ក្នុងអម្ពរព័ស្ត្រចម្រុះផ្លេកភ្លឺ តាមពាក្យឪពុកប្រាប់។ កុមារតូចបានលើកដៃ ប្រណម្យឧទ្ទិសផ្សងថា បើមួយណាជាមាតា សូមកុំឲ្យហោះហើរទៅរួច។ ពេលនោះទេពអប្សរបួនរូបបានហោះឡើងទៅ នៅតែមួយរូបហោះឡើងពុំរួច។ កុមារបានស្ទុះទៅឱបស្រែកថា "ព្រះមាតាៗ!"
ព្រះនាងចន្ទ្របាននាំបុត្រាទៅថ្វាយព្រះឥន្ទ្រ ទូលប្រាប់អំពីឧបនិស្ស័យ។ កុមារបានស្រង់ទឹកស្រះសុគន្ធវារី៧ជាន់ជម្រះមន្ទិលលោកិយ តាមទំនៀម ឋានសួគ៌។ ព្រះឥន្ទ្របានចាត់ឲ្យទេវបុត្តបង្រៀនកុមារតូចនូវស្ថាបត្យកម្ម សំណង់។
ពេលរៀនចប់សព្វគ្រប់និងពេញវ័យវឌ្ឍនាការ ព្រះឥន្ទ្របានសួរពិស្ណុការឲ្យរើស គម្រូប្លង់ស្ថាបត្យកម្មណាដែលពេញចិត្ត។ ព្រះពិស្ណុការបានជ្រើសរើសយកគម្រូ ក្រោលសេះឋានសួគ៌សម្រាប់គម្រោងសំណង់ប្រាសាទអនាគត អង្គរវត្ត ដោយ គិតកោតក្រែងទាស់នឹងព្រះទ័យព្រះឥន្ទ្របើរើសយកប្លង់ប្រាសាទណាដែលល្អស្មើនឹងប្រាសាទប្រណិតបំផុតរបស់ព្រះឥន្ទ្រនៅឋានសួគ៌។
កំណាព្យ​និង​អត្ថបទ​រក្សាសិទ្ធិ​ copyright rbu_spp សៅរ៍​ ពុធពង្ស​ Puthpong Sao October 17, 2015

No comments:

Post a Comment