Saturday, October 8, 2016

202. Poem #rbu_ជំនន់លិចក្រុងលុបបឹងអស់ព្រៃ


ជំនន់លិចក្រុង ភ្លៀងរដូវ
ស្រុកខ្មែរឥឡូវ ឃើញយ៉ាងនេះ
តែភ្លៀងមេខ្លាំង ផ្លូវទូកជិះ
គ្រប់យានជំនិះ ហែលរដូក។

រថយន្តម៉ូតូ ថ្ងូរឈ្លក់ទឹក
ភ្នំពេញគគ្រឹក ជន់លិចគោក
លង់ផ្លូវលិចផ្ទះ ព្រោះតែរោគ
លុបបឹងឡើងគោក លក់ខ្ទេចខ្ទី។
បរិដ្ឋាន ថា មិនបាច់ប្រាប់
ព្រៃឈើគេកាប់ គ្រប់ទិសទី
ត្រងោលក្បាលភ្នំ ក្ដៅធរណី
ពុកវ៉ល់វក់វី ឫកសំគិះ។
ទិដ្ឋភាពធម្មតា នៅស្រុកខ្មែរ
ឲ្យតែដល់ខែ ទឹកធំនេះ
ទាំងក្រុងទាំងស្រែ គ្មានផ្លូវជិះ
លិចលង់ទ្រនេស ពាសពេញដី។
បឹងកណ្ដាលក្រុង និងជាយក្រុង
គេលក់ឡាយឡុង គ្មានសល់អ្វី
ចាក់លុបគោកស្ញេញ បំពេញដី
រឿងអ្វីមិនឲ្យ ក្រុងលង់ភ័យ?
អស់ឈើអស់ទៅ គេមិនខ្វល់
កាប់លក់មិនសល់ ត្រងោលព្រៃ
ទំពែកទាំងភ្នំ គេលកលៃ
បំភ្លៃប្រើពាក្យ បោករាស្ត្រខ្មែរ។
ពាក្យអភិវឌ្ឍន៍ រត់មាត់ណាស់
ភររាស្ត្រឃើញច្បាស់ រាស្ត្រឥតល្ហែ
ទួញយំឈឺចាប់ ពេញស្រុកខ្មែរ
រងគ្រោះព្រោះតែ អភិវឌ្ឍន៍។
អភិវឌ្ឍន៍ស្អី ដីរដ្ឋខ្ទេច
ជំនន់លង់លិច រាស្ត្រខ្ចាត់ព្រាត់
គេដេញពីផ្ទះ ធ្លាក់កម្សត់
រស់ឃ្លានស៊ីអត់ រដ្ឋក្លាយស្មូម៕
© Copyright rbu_spp October 9, 2013 at 6:17pm Puthpong Sao
https://www.facebook.com/plugins/video.php…
-4:39
Khmer Social Media
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Phnom Penh Mostly Flooded By Rain Water.
តើនេះអាចជាមូលហេតុនៃការលប់បឹងកោះដែរទេ?

No comments:

Post a Comment