Wednesday, October 5, 2016

189. Poem សម្រាប់ #ទិវាគ្រូបង្រៀន ថ្ងៃទី៥ ខែតុលា #rbu_គ្រូលះបង់សាងលោកអភិវឌ្ឍ

កំណាព្យ៖ សម្រាប់ #ទិវាគ្រូបង្រៀន ថ្ងៃទី៥ ខែតុលា
(ការអានមានប្រយោជន៍)
(ជូនលោកគ្រូ អ្នកគ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់ផ្នែកវិជ្ជា និស្សិត សិស្ស អ្នកធ្លាប់រៀន និងអ្នកចង់រៀនតែមិនបានរៀន ទាំងអស់ គ្រប់វ័យ )។ កំណាព្យនេះ ខ្ញុំបានដាក់ចូលសម្រាប់ការប្រកួតប្រជែងផ្នែក អក្សរសិល្ប៍ កំណាព្យ រឿងខ្លី រៀបចំដោយសមាគមអក្សរសិល្ប៍ នូ ហាច កាលប៉ុន្មានឆ្នាំមុន។ ប៉ុន្តែគេមិនបានទទួល ដោយមូលហេតុ ទី១ គេប្ដូរលក្ខខណ្ឌពីការតម្រូវឲ្យសរសេរ ៥ទំព័រមក៣ទំព័រ វិញ និងជាពិសេសទី២ គេថា "មិនទទួលប្រធានបទ social development ទេ(ស៊ិក)"។ ខ្ញុំពុំដឹងថាហេតុអ្វី គេពុំទទួលយកប្រធានបទ អភិវឌ្ឍន៍សង្គម ទេ បើ អក្សរសិល្ប៍គឺជាធាតុសកម្្មមួយនៃព្រលឹងរស់ នៃអភិវឌ្ឍន៍សង្គមនោះ។
#rbu_គ្រូលះបង់សាងលោកអភិវឌ្ឍ
១.(អ្នកគ្រូចិត្ត)៖
“ធ្ធើគ្រូព្រោះចិត្ត ចង់ជួយជាតិ
គិតជាតិមិនឃ្លាត ចង់ជាតិជឿន
ប្រទេសលូតលាស់ ចម្រើនលឿន
ខំតឿនខំដាស់ សិស្សប្រុសស្រី”។
២.(លោកគ្រូចង់)៖
“មែនហើយគ្រូចិត្ត មិត្តសំឡាញ់
អ្នកកាញ់អ្នកគិត ជាតិទឹកដី
ចុះបើក្រពះ ខ្វះចំណី
បានអ្វីកម្លាំង បង្រៀនសិស្ស?”
៣.(អ្នកគ្រូចិត្ត)៖
“គិតដូច្នេះម្យ៉ាង គ្រូចង់អើយ
បើឆ្លើយវែងឆ្ងាយ ស្ដាយតម្រិះ
ទុកចោលឥតការ ក្មេងម្ដេចចេះ
ដូច្នេះជាតិយើង ម្ដេចថ្កើងថ្កុំ?”
៤.(លោកគ្រូចង់)៖
“ប៉ុន្តែចិត្តអើយ មិត្តដឹងទេ
ប្រឹងគ្មានទំនេរ សព្វថ្ងៃខ្ញុំ
ខ្វល់រឿងគ្រួសារ ប្រឹងប្រមុំ
ប្រមូលខំផ្ដុំ ឲ្យរស់សិន”។
៥.(អ្នកគ្រូចិត្ត)៖
“យ៉ាងណាក៏ខ្ញុំ នៅឃើញមាន
សិស្សពុំសូវឈាន រៀនឲ្យប៉ិន
ណាស់តែដើរលេង សប្បាយសិន
ចាយទ្រព្យបង្ហិន ផុតពេលធេង។
៦. ថ្ងៃមួយខ្ញុំខឹង ខំទប់ចិត្ត
ព្រោះដ្បិតគិតដល់ វាក្មេងៗ
ខំស្រែកប្រាប់សិស្ស មិនមែនលេង
កុំភ្លើនវង្វេង ស្ដាប់ឲ្យចាំ ។
៧.(លោកគ្រូចង់)៖
”អ្នកគ្រូថាម៉េច ឲ្យសិស្សស្ដាប់
សារស័ព្ទប្រាប់ផង ជាបណ្ដាំ
រំឭកពួកវា ឲ្យសកម្ម
ឲ្យចាំចង់ចេះ គិតខ្លួនឯង?
៨. ឬមួយយ៉ាងណា ថាមកចុះ
បទពិសោធឆ្លុះ ប្រយោជន៍ស្ដែង
រំលែកចែកគ្នា គម្រូបែង
ឲ្យសិស្សចេះក្រែង គិតថ្ងៃក្រោយ”។
៩.(អ្នកគ្រូចិត្ត)៖
”អូ៎ហូ៎សាមញ្ញ ទេគ្រូអើយ
គ្មានប្លែកអ្វីឡើយ គំនិតដោយ
ជាប់តាមចំណង់ មកជាក្រោយ
ប្រាប់ឲ្យសិស្សភ្ញាក់ គិតខ្លួនវា។
១០. ធម្មតាមនុស្ស ខុសពីសត្វ
ចេះគ្រប់គ្រងចាត់ ចែកវេលា
ប្រើប្រាស់ត្រឹមត្រូវ ប្រយោជន៍ជា
កើតមានតាមគ្នា ច្រើនកើនគរ ”។
១១.(លោកគ្រូចង់)៖
”ចាំស្ដាប់់អ្នកគ្រូ យូរអ្វីម្ល៉េះ
កុំឃ្វាងអាងចេះ កេវកោងងរ
លេងឫកកាច់រាង វាងវាត់យក៍
ខ្ញុំស្ដាប់ប្រាប់មក៍ ថាត្រង់ៗ”។
១២.(អ្នកគ្រូចិត្ត)៖
”ខ្ញុំគ្រាន់តែដាស់ ពញ្ញាក់សិស្ស
ឆ្លៀតឆ្កឹះគំនិត តម្រូវប្លង់
ចែកពេលវេលា ត្រូវត្រឹមត្រង់
រៀនផ្ចង់មុនលេង ប្រាប់ចំៗ ។
១៣. ខ្ញុំថាអ្នករៀន រៀនបែបហី
មិនសូវខ្វល់អី្វ នឹងក្ដីខំ
មិនសកម្មសោះ លេងពុំសម
ខ្ញុំមិនបង្ខំ នាំអ្នកស្អប់។
១៤. ចិត្តខ្ញុំចង់ឲ្យ ថ្ងៃក្រោយល្អ
ទើបប្រឹងត្រដរ ប្រាប់គ្រប់សព្វ
ចង់ឲ្យអ្នកចេះ ចេះមួយចប់
ទោះក្រោយត្រឡប់ ស្អប់ឥតខ្វល់។
១៥. ថ្ងៃនេះអ្នកខឹង នឹងខ្ញុំថា
ក្រោយគង់ភ្លឺថា្ល ច្បាស់លែងឆ្ងល់
ពាក្យពេចន៍ខ្ញុំពោល តែងគិតដល់
ប្រយោជន៍និងផល ដល់អ្នករៀន។
១៦. ថ្ងៃនេះអ្នកខឹង នឹងខ្ញុំស្ដី
មិនហ៊ានថាអ្វី ព្រោះក្ដីអៀន
ថាខ្ញុំបន្ទោស រឿងមិនរៀន
ដេញឲ្យទៅកៀន មិនទុកមុខ។
១៧. ឯរឿងមើលមុខ ទុកថ្ងៃក្រោយ
អ្នកកុំបណ្ដោយ ខុសទំនុក
ត្រូវចេះជំនាញ មួយជាក់ទុក
ប្រើតទៅមុខ សាងជីវិត”។
១៨.(លោកគ្រូចង់)៖
”គំនិតអ្នកគ្រូ ប្លែកៗក្រៃ
ចេះឆ្នៃលៃលក ស៊កបញ្ឆិត
បញ្ចូលតម្រង់ ប្លង់ចំស្និទ្ធ
កេរ្តិ៍អ្នកគ្រូចិត្ត ពិតអស្ចារ្យ!
១៩. បង្រៀនសិស្សល្បី ឲ្យសិស្សចេះ
ត្រងត្រាប់ចំណេះ ប្រឹងសិក្សា
ធ្វើម្ចាស់គំនិត សាងវាសនា
ពុំមាននរណា រៀនជួសបាន។
២០.(អ្នកគ្រូចិត្ត)៖
”រឿងរៀនមិនពិត ពិបាកទេ
វិន័យគ្នាន់គ្នេរ តាំងចិត្តប្រាណ
បែងពេលឧស្សាហ៍ ប្រើកុំខាន
ស្វាធ្យាយគង់បាន ផលអ្នកប្រឹង”។
២១.(លោកគ្រូចង់)៖
”មែនហើយណាស់តែ សិស្សមិនប្រិត
ចេះតែកាន់ចិត្ត គិតងាយហ្នឹង
បន្ទោសនរណា បើអី៑ចឹង
គ្រូក្រម្ល៉ឹងៗ ប្រឹងឧស្សាហ៍។
២២. យ៉ាងណាខ្ញុំស្ងើច អ្នកគ្រូចិត្ត
ស៊ូទ្រាំក្រៀមស្វិត ឥតតវ៉ា
ព្រោះស្នេហ៍ជាតិខ្លាំង ស្ងៀមពុំថា
ខំតែធ្វើការ មិនដែលថ្ងួរ”។
២៣.(អ្នកគ្រូចិត្ត)៖
”អរគុណលោកគ្រូ ដែលសរសើរ
ប៉ុន្តែកុំប្រើ ស្ទីលបញ្ជោរ
វាយស្នៀតញាត់ញ៉ុក ដុកថែមដូរ
យុទ្ធសាស្ត្រហែហូរ វោហារឆិត”។
២៤.(លោកគ្រូចង់)៖
”សូមទោសបើពាក្យ ខ្ញុំជ្រួសខុស
មេត្តាផងចុះ អ្នកគ្រូចិត្ត
ខ្ញុំគ្មានបំណង ដៀងបញ្ឆិត
លែបខាយកៀកកិត ចិត្តស្មោះពិត។
២៥. ក្មេងគ្រាឥឡូវ មិនសូវខ្វល់
ខ្ជះខ្ជាយមិនសល់ ខ្ចីគំនិត
ចាយបង់ឱកាស ឥតបើគិត
ប្រតិដ្ឋរឿងផឹក ស៊ីដើរហើរ។ (ប្រតិដ្ឋ /ប្រឌិត/)
២៦. អ្នកគ្រូចិត្តឯង ចេះប្រដៅ
ប្រាប់ សនិងខ្មៅ ផ្លូវសិស្សដើរ
ត្រង់-វៀច តាមកាល ឲ្យចេះប្រើ
ប្រាប់មើល៍គ្រាន់បើ យ៉ាងណាខ្លះ?
២៧.(អ្នកគ្រូចិត្ត)៖
”សូមសើចមួយសិន ធូរអារម្មណ៍
ខំៗតឹងចិត្ត គិតមិនច្បាស់
ក្មេងៗសម័យ វៃឆ្លាតណាស់
តែពួកវាខ្លះ ខ្ជីខ្ជាក្រៃ”។
២៨. ល្បិចបង្រៀនសិស្ស មានគគោក
យើងរៀនចេះជោក ប្រើសព្វថ្ងៃ
គរុវិជ្ជា មានតម្លៃ
កែខៃជួយសិស្ស ចេះជម្នះ។“
២៩.(លោកគ្រូចង់)៖
“គរុវិជ្ជា ប្រជែងខ្លាំង
តតាំងច្បាំងទល់ នឹងក្រពះ
កង្វះជីវភាព មានប្រៀបឈ្នះ
រាលរះប៉ះដល់ ការអប់រំ។
៣០. គ្រូខ្លះរកស៊ី ក្នុងថ្នាក់រៀន
លែងគិតខ្មាសអៀន ព្រោះឃ្លានធំ
ចង់នរណាថា គ្រូលក់នំ
ស្ទើរយំខំរស់ ឈ្មោះជាគ្រូ។
៣១.(អ្នកគ្រូចិត្ត)៖
”ខ្លះបង្រៀនកួរ ម៉ោងការរដ្ឋ
ចិញ្ចឹមពោះមាត់ ធ្វើមុខមូរ
សិស្សមិនសូវស្ដាប់ និយាយអ៊ូ
តើគ្រូធ្វើម៉េច? -- ទ្រាំខ្មាសគេ!
៣២. យកលុយពីសិស្ស អៀនដៃណាស់
នឹកខ្មាសគេផង មិនចង់ទេ”
(លោកគ្រូចង់)៖
”គ្រូដឹងយ៉ាងច្បាស់ អសោចិ៍កេរ្តិ៍
បើមិនប្រឹងទេ នរណាជួយ?
៣៣. ខ្លះដៀលថា គ្រូធ្វើដូច្នេះ
នាំក្មេងឲ្យចេះ ពុករលួយ
តាំងពីនៅតូច ពកប៉ិចត្រួយ
តើជួយដល់ជាតិ បានដូចម្ដេច?
៣៤. គិតតែរឿងសិស្ស ភ្លេចខ្លួនយើង
ប្រឹងកើតត្បូងជើង ខ្វះខាងលិច /ឡិច/
យ៉ាប់អើយសែនយ៉ាប់ ប្រាក់ខែតិច
ឲ្យគិតយ៉ាងម៉េច រស់ម្ដេចបាន?”
៣៥. ប្រមល់ទល់តប់ ថប់តឹងទ្រូង
ទូងៗដូចស្គរ រក៍ចង់មាន
មិនធ្វើសេដ្ឋី ពុំសូមទាន
សូមរស់មិនឃ្លាន ខ្វះមុខក្រោយ។
៣៦. តើពឹងអ្នកណា ថាទៅមើល
សូមគេងងើល នរណាឲ្យ?
គេជែងគ្នាមាន យើងដង្ហោយ
សូមឲ្យគ្រប់គ្នា ផ្ដោតឲ្យខ្លាំង។
៣៧.(អ្នកគ្រូចិត្ត)៖
”មើលគ្រូគិតជាតិ ជួយក្មេងៗ
ទំពាំងពូជព្រេង ព្រឹទ្ធទុកតាំង
ត្រូវស្នងឫស្សី ប្រឹតសម្រាំង
ស្ថាបនាកម្លាំង សេដ្ឋកិច្ចជាតិ។
៣៨. កុមារធនធាន អនាគត
រៀនសូត្រដំលត់ ពេញគ្រប់ធាតុ
មានក្មេងពូកែ ឆ្លាតមារយាទ
ទើបនគរជាតិ បានថ្កុំថ្កើង។
៣៩. បន្ទោសអ្នកណា ទាំងអស់គ្នា
មានតែពុះពារ ខិតខំឡើង
កុំប្រកាន់ខ្លួន មិនរើសអើង
ពលរដ្ឋមិនឆ្មើង រួមគិតគូរ ។
៤០.(លោកគ្រូចង់)៖
”ប្រទេសណាៗ ក៏ដូចគ្នា
ពុះពារដោយសារ គ្រូតស៊ូ
តែងតែរំឭក ដឹងគុណគ្រូ
រំលែកចែកគ្រូ ដោយស្មោះសរ។
៤១. គម្រូមានស្រេច ពីលើមក
ក្រោមយករស់បាន ផុតក្រីក្រ
បែងផលស្អាតស្អំ បរិសុទ្ធល្អ
សុចរិតបវរ ជាក់ប្រាកដ។
៤២.(អ្នកគ្រូចិត្ត)៖
”គុណភាពឃើញស្ទើរ ការអប់រំ
គ្រឹះធំបារម្ភ មិនម៉ដ្ឋចត់
ធនធានមនុស្ស មានកំណត់
តាមបរិបទ ត្រូវលកលៃ។
៤៣. #កត្តាប្រាំយ៉ាង សាងមនុស្ស
ឲ្យលុះដុះត្រូវ ផ្លូវជោគជ័យ
កុមារទីមួយ និស្ស័យវៃ
ពីកំណើតនៃ ជីវិតមក ។
៤៤. គ្រួសារទីពីរ ធាតុផ្សំគ្នា
តម្រង់ផ្លូវវា ថែពន្លក
ឲ្យលូតលាស់ល្អ ដៅផ្ចង់រក
ចាប់យកបង្កើត ផលអ្វីៗ។
៤៥. មជ្ឈដ្ឋានរស់នៅ ផ្សំបន្ទាប់
ជាកត្តារាប់ ថាទីបី
មានសណ្ដាប់ល្អ សុខសួស្ដី
ដើម្បីរួមគ្នា សាងសង្គម។
៤៦. សាលាទីបួន ខាងផលិត
រួមគ្រូជាងស្និទ្ធ ជំនាញពុម្ព
ឆ្លាក់អភិវឌ្ឍ សហគមន៍
ពលរដ្ឋជាធំ អ្នកចេះដឹង ។
៤៧. កត្តាទីប្រាំ សង្គមទៀត
សំខាន់ផ្សំស្នៀត រួមប្រិតប្រឹង
ឲ្យសិស្សពូកែ ខ្លាំងរឹងប៉ឹង
ចេះដឹងចេះធ្វើ ទិន្នផលខ្ពស់។
៤៨. ការអប់រំធំលើសអ្វីៗ
បានជួយផែនដី ពេញដោយយស
វិជ្ជាខួរក្បាល លោកល្បីឈ្មោះ
ក៏ព្រោះមនុស្ស សាងកែខៃ។
៤៩.(លោកគ្រូចង់)៖
“អី៑ចឹងធ្វើម្ដេច គេចកំហុស
ឬពន្លែងចុះ តាមនិស្ស័យ
បែបនេះខកធំ ដូចសព្វថ្ងៃ
ឬប្រឹងលៃច្នៃ ផ្លូវហូរហែ?
៥០. ធ្វើគម្រូល្អ បង្ហាញប្រាប់
ឲ្យក្មេងឃើញស្រាប់ ធ្វើតាមដែរ
ឬក៏យ៉ាងម៉េច មើលជួយកែ
ប្រាប់ប្រែជាផ្លូវ កល្យាណកម្ម?
៥១. ចុះឯរឿង”ខ្លាច បួនប្រការ”
មិត្តថាគ្រប់គ្នា រៀនឲ្យចាំ
ទន្ទេញឲ្យចេះ កត់ចំណាំ
ប្រាប់ផ្ដាំកូនចៅ ត្រូវដាស់តឿន?”
៥២.(អ្នកគ្រូចិត្ត)៖
”ខ្ញុំគិតថាជា ក្រឹត្យវិន័យ
ជីវិតគិតលៃ ចម្រើនលឿន
ធ្វើម្ចាស់ខ្លួនឯង គំនិតជឿន
រវៀសដាស់តឿន ឧស្សាហ៍កើន។
៥៣. ខ្លាចល្ងង់ប្រឹងរៀន ជំនាញចេះ
ខ្លាចក្រប្រឹងត្រិះ រកទ្រព្យច្រើន
ខ្លាចឈឺរស់ហូប ស្អាតថែកើន
ខ្លាចរាយប្រឹងក្រើន រៀបសណ្ដាប់
៥៤. ក្មេងដុះផ្លូវត្រូវ ដូចជាឈូក
ទោះដុះលូតលូក ពីភក់ល្បាប់
ក្លិនបញ្ចង់រស កិត្តិសព្ទ
ក្លាយប្រាជ្ញចំណាប់ ចេះពេញខ្នាត។
៥៥.(លោកគ្រូចង់)៖
“អស្ចារ្យ! មិត្តចិត្ត គិតពូកែ
គ្រូបង្រៀនខ្មែរ ប្រឹងសង្វាត
ចំណេះជួយក្មេង ធំធេងស្អាត
សិស្សឆ្លាតប្រាប់ផ្លូវ ត្រូវៗច្បាស់”។
៥៦(អ្នកគ្រូចិត្តនិងគ្រូចង់)៖
“គំនិតគ្រូល្អ ឧត្តមក្រៃ
វិសេសថ្លាថ្លៃ ប្រពៃណាស់
ជួយជាតិចម្រើន ឃើញច្បាស់ៗ
លះបង់ស្រលះ កសាងលោក”៕
© Copyright rbu_spp 5 October 2005 Puthpong Sao
47 You, Luk Chamnaul, Keo Saray and 44 others
2 shares
10 Comments
Pharley Phau
ជាគ្រូសម័យកាលមុន!?គួរឲ្យរីករាយ!
October 5, 2014 at 7:54pm · 1
Jing Jing
ឣូ..ហូកាលពីក្មេងបងប្រុសពិតជាលោកគ្រូដ៏សង្ហារមែន
October 5, 2014 at 8:12pm · 1
Kun Sopheap
តើរូបថតនេះថតនៅឆ្នាំណាដែរ?
October 5, 2014 at 8:26pm · 2
Pharley Phau
គ្រូនិមួយៗក្នុងសម័យកាលណោះ
មិនធម្មតាទេ!(ពាក្យថាមិនធម្មតាមិន
មែនថាឆ្កួតទេ) គឺមិនចេះតែយកបាន!
October 5, 2014 at 8:36pm · 1
មណី មេខលា
អបអរទិវាគ្រូបង្រៀន
October 5, 2014 at 8:49pm · · 1
Puthpong Sao
រូបនេះថតដោយកាមេរ៉ារបស់សិស្សម្នាក់ដែលបងស្រីគាត់បានផ្ញើមកពីអាមេរិកកាលអំឡុងមុនពេលចូលឆ្នាំ១៩៨៦ ក្រោយពេលខ្ញុំបានបង្រៀនចប់ម៉ោងវគ្គគណិតវិទ្យាមួយ។
October 5, 2014 at 9:25pm ·Like · 2
មណី មេខលា
Now you are more handsome, teacher.
October 5, 2014 at 9:10pm ·
Puthpong Sao
Oh then and now, how can we say?
Time makes us older day to day
It flies so fast as we all know.
Robs our youth and leaves us sorrow.
E'en our beauty has not been spared.
How merciless 'tis -- we're not cared.
Who can turn the wheel of time back
To enjoy our youth we now lack?
Surely we don't know we're older,
Every breath of ours to ponder,
If not looking at our photos
Time won't come back, it goes.
October 5, 2014 at 9:39pm
មណី មេខលា
He he he....
October 5, 2014 at 9:24pm
Nearyroath Sar
Saart
See Translation
October 6, 2014 at 7:12am
LikeShow more reactions

No comments:

Post a Comment