Wednesday, September 28, 2016

171. Poem #rbu_941_កាលក្មេងឃ្វាលគោ

September 28, 2015 at 6:11pm
នឹកឃើញពីតូចទៅផ្ទះតា
ពូដើរទៅណាខ្ញុំទៅតាម
ចង់ទៅឃ្វាលគោតែគាត់ហាម
តែខ្ញុំរត់តាមគាត់មិនថា។
គាត់ឲ្យកាន់ខ្សែជួយដឹកគោ
ខ្ញុំលោចុងដៃខ្លាចរអា
កាន់កន្ទុយខ្សែគោទៅណា
គោបែរភក្ត្រាដាក់ខ្សែរត់។
ពូខ្ញុំគាត់សើចរួចស្រដី
អ្នកឃ្វាលគោអីភ័យរន្ធត់
គ្រាន់គោមើលមុខប្រឹងស្ទុះរត់
គោ"រាន់មិនទត់"រត់ចោលគោ។
នឹករឿងឃ្វាលគោកាលពីក្មេង
បានស្ដាប់សំឡេងក្មេងច្រៀ្ហងហ៊ោ
ស្រែកបទបាសាក់ជែងជំនោរ
គ្រលួចថ្ងួចថ្ងូរតាមវាលស្រែ។
ស្រែកតាមទំនុក សាំង សារុន
ស្ដេចជំនាន់មុនបាសាក់ខ្មែរ
ពីរោះហួសថ្លែងមានមន្តស្នេហ៍
បានស្ដាប់មុខតែលង់អារម្មណ៍។
អណ្ដែតដូចខ្សែវាយោហួច
រលាស់ផាត់គួចមន្តសណ្ដំ
ចម្រៀងសារិកាទាំងសេកសម
លលកបូលបំពេសប្បាយ។
រសៀលជ្រៀលជ្រេថ្ងៃទេរទាប
កៀងគោរៀងរាបតាមផ្លូវអាយ
ចាំពាក្យបណ្ដាំឪពុកម្ដាយ
បើឃ្វាលនៅឆ្ងាយរូតមកផ្ទះ។
ឲ្យបានមុនយប់ព្រលប់ដល់
ក្រែងម៉ែឪខ្វល់ចិត្តអន្ទះ
សាស័ព្ទព្រួយគិតចិត្តមិនជ្រះ
ស្រូតឆាប់រូតរះដល់ផ្ទះវិញ។
rbu_spp 6:15 pm Monday September 28, 2015 Puthpong Sao

No comments:

Post a Comment