Monday, September 5, 2016

125. Poem #rbu_Seven-Way Learning #រៀនមានអង្គប្រាំពីរ៖ សុ.ចិ.បុ.លិ.វា. អ.ក.

(២) Seven-Way Learning រៀនមានអង្គប្រាំពីរ៖ សុ.ចិ.បុ.លិ.វា. អ.ក.
១. មិនមែនបួនទេ ប្រាំពីរយ៉ាង
ខ្ញុំមានសំអាង ន័យសកល
គឺប្រាំពីរពិត ពុំមានសល់
អ្នកអើយកុំឆ្ងល់ ច្បាស់ប្រាំពីរ។
២. "សុ.ចិ.បុ.លិ." ពិតមែនហើយ
បីទៀតចម្លើយ ច្បាស់ពេញទី
ការរៀនត្រូវមាន អង្គប្រាំពីរ
វិន័យសំភី អ្វីដឹងទេ?
៣. "វា."នេះច្បាស់ជា មិនចម្លែក
ពុំអាចប្រកែក គិតគ្នាន់គ្នេរ
គឺ"សម្ដី"ច្បាស់ "វាចា"កេរ្តិ៍
"និយាយ" មែនទេ ត្រូវរៀនដែរ។
៤. មិន"រៀននិយាយ" ខ្វះធាតុផ្សំ
"គ"ពាក្យមិនចំ ពុំពូកែ
ពុំពេញចំណេះ នោះមុខតែ
ចាញ់អស់ផ្លូវកែ ពេលប្រកួត។
៥. "សម្ដីជាឯក" ពាក្យបុរាណ
ប្រដៅប៉ុន្មាន ចេះជ្រាបជ្រួត
និយាយពូកែ តែកុំអួត
កុំឆ្កួតស្រវឹង នឹងទឹកមាត់។
៦. កុំភ្លេចពីរទៀត ចាំបាច់ណាស់
សូមចាំឲ្យច្បាស់ កុំភ្លេចភ្លាត់
ចេះប្រាំបើមិន អនុវត្ត
នោះច្បាស់ប្រាកដ ដូចអត់រៀន។
៧. ទីប្រាំមួយនោះ "អនុវត្ត"
ប្រាំទ្រឹស្ដីបទ គ្រឹះរបៀន
ចេះប្រាំមិនប្រើ បោះចោលកៀន
ដូចឥតបានរៀន អ្វីមធ្យ័ត។
៨. មួយទៀតគឺអង្គ ទីប្រាំពីរ
ចំណេះពេញទី ចាំឲ្យស្ទាត់
មាន"ប្រាំពីរ"យ៉ាង រៀនទៀងទាត់
"អ្នុវត្ត(១).សុ.ចិ. បុ.លិ.វា."។
៩. "សុ."ស្ដាប់"ចិ."គិត "បុ."គឺសួរ
"លិ"កត់ការគួរ វាចា"វា."
"អនុវត្ត"ផង អង្គវិជ្ជា
ប្រាំពីរមាគា៎ រាប់ទាំង"កែ"។
១០. ត្រូវរៀនទាំងកែ ត្រង់ណាខុស
ពេលមានកំហុស ជាហូរហែ
ជំនាញចេះច្បាស់ ជីវិតប្រែ
ព្រោះតែមាគ៌ា រៀន"ប្រាំពីរ"៕
កំណត់៖ (១) អ្នុវត្ត ជាពាក្យតម្រូវព្យាង្គកាព្យកាត់ខ្លីពី "អនុវត្ត" ជាកិរិយាស័ព្ទ មានន័យថា ធ្វើ


No comments:

Post a Comment