Friday, September 9, 2016

131. Poem

ប្រទេសមួយមាន សន្តិភាព
ខ្ញុំសូមជម្រាប ដោយន័យសព្វ
គេមិនឆ្កួតធ្វើ សង្គ្រាមឡប់
ព្រោះតែយល់ស័ប្តិ ឆ្កួតអំណាច។

នគរបានសុខ សន្តិភាព
ត្រូវតែមានច្បាប់ រាស្ត្រមិនខ្លាច
មិនមែនរាស្ត្រយំ ព្រោះអំណាច
កោងកាចឃោរឃៅ ញៀនហូរហៀរ។

អ្នកណាដឹកនាំ ជារឿងធំ
តែផ្ដាច់គំនុំ កុំចងពៀរ
ពុំមែនដូចអ្នក ចង់ជៀសវៀរ
ចង់កៀរផាត់ចោល ឆ្នោតត្រឹមត្រូវ។

គឺដូចប្រទេស អភិវឌ្ឍ
អនុវត្តទៀងទាត់ ច្បាប់ត្រង់ផ្លូវ
បោះឆ្នោតសុចរិត ប្រព្រឹត្តត្រូវ
កុំសូវយករាស្ត្រ ជាល្បែងបោក។

ខ្មែរទាំងអស់គ្នា ដឹងហើយតើ
តែកុំបីប្រើ ល្បិចគ្រោកស្មោក
រាប់ឆ្នោតស្មោះពិត កុំគិតបោក
លះល្បិចណាថោក កុំយកប្រើ។

អ្នកដឹងការពិត គិតអាម៉ាស់
មានភ័ស្តុតាងច្បាស់ ដឹងថាអើ
ជារឿងទុរយស ពុំគួរបើ
គេយកមកប្រើ យ៉ាងស្មោកគ្រោក។

បើអ្នកណាឈ្នះ មិនសំខាន់
ត្រូវធ្វើឲ្យបាន ជាជ័យជោគ
រៀបគ.ជ.ប. លែងស្មោកគ្រោក
នោះទៅថ្ងៃមុខ អស់បញ្ហា។

ខ្មែរចង់បានសុខ យុត្តិធម៌
ដូច្នេះត្រូវឈរ លើតម្លា
រាប់ឆ្នោតត្រឹមត្រូវ ឈប់តវ៉ា
នោះអស់បញ្ហា ដោះស្រាយចប់៕

9 September 2013  9:13 am
.

No comments:

Post a Comment