Wednesday, September 28, 2016

170. Poem #rbu_940_ចេះធ្ងន់នឹងក្បាលពីសៀវភៅ

September 28, 2015 at 7:28am
ចំណេះទៀងពិតកើតពីអាន
សៀវភៅក្បែរប្រាណបានឃើញជាក់
វាជាបណ្ដុំជនច្រើននាក់
ចេះដឹងគ្រាក់ៗអ្នករៀបរៀង។
ខ្លួនមនុស្សចេះធ្ងន់នឹងក្បាល
គិតត្រូវតាមកាលធ្វើល្អទៀង
ផ្សព្វផ្សាយប្រើការសារសំនៀង
សំណព្វផ្លែងៀងទាក់ប្រយោជន៍។
ពុទ្ធិប្រាជ្ញប្រាប់ពន្លឺច្រាល
កប់ជ្រៅក្នុងក្បាលគ្មានរំហោច
"ខ្លួន"ប៉ោងធំពិតចេះល្អិតល្អោច
សំបូរអសោចិ៍ពុំដូច"ក្បាល"។
អ្នករៀនច្រើនចេះចូលចិត្តអាន
ចេះច្បាស់ពុំស្មានគិតពុំស្រាល
យោងលើចំណេះនៅក្នុងក្បាល
ប្រើប្រាស់តាមកាលកើតមង្គល។
"អ្នករៀន"មានមិត្តជាសៀវភៅ
ទោះម្នាក់ឯងនៅគ្មានអំពល់
ឯ"អ្នកខ្ជិលរៀន"មិនសូវយល់
រវល់តែ"គិតរឿងឥតខ្លឹម"។
អ្នកអានសៀវភៅមិនកំព្រា
មានគ្រូជាគ្នាតាមតម្រឹម
តម្រង់ផ្លូវគិតធ្វើរឿងខ្លឹម
ពុំ"សឹមពេលក្រោយ"ចាំគិតឡើយ។
ពេលពុំដែលចាំនរណាទេ
កុំ"ចាំទំនេរ"ពាក្យដោះឆ្លើយ
"ការនៅនឹងដៃធ្វើឲ្យហើយ"
ចម្លើយនេះត្រូវសៀវភៅប្រាប់។
នាងតូចស្រដី៖
"ពូអើយកុំចង់...អង្គុយឲ្យត្រង់
ក្រែងបះក្រឡាប់...ធ្លាក់ប៉ើងអុកគូទ
ថាខ្ញុំមិនប្រាប់...ធំខ្លួនចាស់យ៉ាប់
ស្រាលព្រោះខ្ជិលរៀន"។
រក្សាសិទ្ធិ copyright rbu_spp 7:29 am Monday September 28, 2015 សៅរ៍ ពុធពង្ស Puthpong

No comments:

Post a Comment