Wednesday, September 14, 2016

147. Poem #rbu_587_ឱ_ផ្កានាង_ញ

September 14, 2014 at 3:28pm
ផ្កា ញ ឃើញញុល ចង្អុលមេឃ
ក្ដឹបស្រុះស្អះស្កេក ដូចក្បាលដោះ
ពកប៉ិចលេចឡើង ឃើញស្រស់ៗ
ស្ទើរគ្មានចន្លោះ ញ ដោះផ្លែ។
ញ អើយ នាងញ័រ ដែរឬអ្វី
ញញឹមមេត្រី មានមន្តស្នេហ៍
ស្រស់ស្រើបទាំងភ្នែក បេះដូងដែរ
ញ ក្រមុំស្រែ ឬដីក្រុង។
ញ័រស្លឹករលាស់ តាមវាយោ
ញ នាងមិនថ្ងូរ ផ្លែនៅចុង
ញ មានតម្លៃ ខ្ចីទុំហ្នុង
ប្រយោជន៍បម្រុង ពេញល្បីឈ្មោះ។
ទោះផ្លែនាងទុំ ពុំពីសា
ក្មេងពុំត្រូវការ នេះក៏ព្រោះ
ទុំនាងមែនពិត ឮពីរោះ
ការពិតផ្លែនោះ ផ្សំឱសថ។
ស្លឹកនាងបន្លែ ក្នុងសម្ល
ឬក៏អាម៉ុក ឆ្ងាញ់ប្រាកដ
ពីសាបានម្ដង ចិត្តចារកត់
ទោះផ្កានាងអត់ មានសម្រស់។
© rbu_spp 4:59 pm September 14, 2014 Puthpong Sao

No comments:

Post a Comment