Monday, September 5, 2016

123. Poem #វិន័យសាមគ្គី

5 septembre 2013, 14:27
១. វិន័យសាមគ្គី ជាគន្លឹះ ជ័យជម្នះគ្រឹះ គ្រប់មុខការ
រួមចិត្តតស៊ូ តាំងប្ដេជ្ញា ដល់បានផ្លែផ្កា តវ៉ាត្រូវ។
២. ចេញស្រុះមុខផ្ទះ គ្រប់ទិសទី គ្រាដល់នាទី សព្វតាមផ្លូវ
បង្ហាញចិត្តស៊ូ គ្រាឥឡូវ ក្រាញទារត្រឹមត្រូវ យុត្តិធម៌។
៣. ពេលចេញស្រុះគ្នា ឃើញបែបនេះ ប៉េអឹមប៉ូលីស មុខតែឈរ
ទាំងទាហានផង គង់ញាប់ញ័រ ថាន៎ ខ្មែរថ្មី ទារថ្លៃថ្នូរ។
៤. យុត្តិធម៌នេះ ប្រទេសណា ក៏តែងត្រូវការ ទារប្ដេជ្ញប្ដូរ
មិនមែនសម្រាប់ ឈាមរាស្ត្រហូរ តែភាពថ្លៃថ្នូរ ប្ដូរដាច់ខាត។
៥. ស្រែកហ៊ោស្រស់ស្រាយ ភក្ត្ររឹងមាំ ចិត្តរួមស៊ូទ្រាំ កុំប្រមាថ
ពិតមែនមានអ្នក ចិត្តមហាត កាន់ចិត្តជាត្មាត ចាំបង្ក្រាប។
៦. អ្នកចាំបង្ក្រាប មានពីរយ៉ាង មួយធ្វើទីអាង ចៅហ្វាយប្រាប់
ខ្លះធ្វើទាំងទ័ល មិនយល់ច្បាប់ ខ្លាចមេស្ដីសាប់ ដកស័ក្ដិចោល។
៧. មួយទៀតមិនធ្វើ ទោះគេប្រើ រឿងមិនគួរបើ សែនកម្រោល
បង្ក្រាបរាស្ត្រឯង ក្នុងល្បែងខោល គិតក្រែងរាស្ត្រថ្កោល គាត់មិនធ្វើ។
៨. មេរៀនបែបនេះ មានប្រវត្តិ កើតមានទៀងទាត់ តាមអន្លើ
ពួកជនផ្ដាច់ការ ប្រព្រឹត្តភ្លើ នៅធ្វើដល់ខ្លួន រលំឯង។
៩. បើប្រើអាវុធ បង្ក្រាបរាស្ត្រ ឈាមដាបហូរពាស ឃើញស្ដែងៗ
លោកាផ្ដន្ទា មិនបាច់ថ្លែង គេថ្កោលក្ដែងៗ រាស្ត្រអ្នកឈ្នះ៕

No comments:

Post a Comment