Thursday, September 15, 2016

148. Poem #rbu_927_ចាប់អ្នករកក្ដាម


រកក្ដាមចាប់ដែរ   រឿងប្លែកស្រុកខ្មែរ   នាំគ្នាឡប់ហើយ
ពូកែខាងចាប់   ចាប់ៗពុំស្បើយ   ឱស្រុកខ្មែរអើយ
ម្ដេចឡើយប្រែផ្ដាស។

ប៉ូលិសខ្វះលុយ   ដើរដេកអង្គុយ   ខ្វល់ខ្វាយខ្លាំងណាស់
បានលុយពីណា   ឡេឡឺឡេសឡាស   ក្រឡេកឃើញប្រាស
ចាប់អ្នករកក្ដាម។

មិនខ្វល់ថាគ្មា   រស់នៅវេទនា   ជីវិតរហាម
បើនឹងរកត្រី   បានស្អីគេហាម   មានតែរកក្ដាម
តាមខ្លួនក្រស្រាប់។

ត្រង់យួនចាប់ត្រី   ពេញទឹកពេញដី   គេមិនហ៊ានចាប់
ខ្លាចយួនតវ៉ា   ដេញវាយចាក់កាប់   ច្នេះគេចំណាប់
ជាន់ករាស្ត្រឯង។

ប៉ូលិសធ្វើឡប់   ចេះបីល្ងង់ដប់   ប្រព្រឹត្តមិនក្រែង
ចាប់ក្ដាមក្នុងស្រែ   ក្បែរផ្ទះសំបែង   គ្មានច្បាប់ណាចែង
ហាមចាប់ក្ដាមឡើយ។

ចាប់ក្ដាមក្នុងស្រែ   ដូចបានជួយថែ   សន្ទូង​ល្អហើយ
កុំឲ្យវាកាត់   បំផ្លាញស្រូវ​​ឡើយ   ច្នេះ​ប៉ូលិស​អើយ
កុំឆ្ងើយល្ងង់ឆ្ងាយ។

No comments:

Post a Comment