Monday, September 5, 2016

126. Poem #rbu_915_បើស្លាប់គំនិត


ខ្ញុំបានទៅលេងស្រុកជីដូនខ្ញុំនៅជិតព្រំដែនកាលប៉ុន្មានឆ្នាំមុន ... តាមផ្ទះស្ទើរតែទាំងអស់ ពុំឃើញមានដំណាំបន្លែសួន បន្លែទ្រើង ... ដូចពីដើមទេ។ ខ្ញុំសួរ គេថាចាំបាច់ដាំធ្វើអី ចាំទិញពីវៀតណាមយកទៅណាអស់។ សូម្បីតែនំបញ្ចុកដែលពីដើមពេលមានបុណ្យទាន គេជួយគ្នាធ្វើមួយដៃមួយជើង ក៏ឥឡូូវគេចាំតែទិញពីផ្សារឬពីវៀតណាមដែរ។ ផ្នត់គំនិតនិងឥរិយាបថអវិជ្ជមាននេះក្លាយទៅជាទម្លាប់សហគមន៍នានា នៅតែឃើញមានដល់ឥឡូវ។

ពាក្យថា "ចាំបាច់ធ្វើធ្វើអី ចាំទិញពីវៀតណាមយកទៅណាអស់" នេះ កាលពីឆ្នាំ១៩៩៦ ពួកសិប្បករឡឥដ្ឋក្បឿងបាននិយាយនៅក្រោយពីចេញពីជួបនាយករដ្ឋមន្ត្រីទី២ ដើម្បីសុំច្បាប់អនុញ្ញាតិបើកឡឥដ្ឋក្បឿង ហើយពួកគាត់បានទទួលចម្លើយតបវិញយ៉ាងនេះ។

ឱ ខ្មែរអើយ! ដូចស្លាប់ទាំងគំនិត ទាំងចិត្ត ទាំងសកម្មភាព. ..

បើស្លាប់តែចិត្ត សកម្មភាពនៅ
មនុស្សមើលទៅ ដូចជាសត្វយន្ត
បើស្លាប់គំនិត ពិតរឹតសែនធ្ងន់
អស់អ្វីនឹងគណន៍ រកពាក្យហៅត្រូវ។

រស់ខ្វះជីវិត បើគំនិតស្លាប់
ខ្លួនមិនខ្ចីស្ដាប់ ពេលគេប្រាប់ផ្លូវ
ងងឹតទាំងថ្ងៃ ចូលចិត្តញ៉ាំញ៉ូវ
ជួញរឿងអាស្រូវ ពុំសូវកាន់ការ។

បើគំនិតស្លាប់ ចិត្តអាប់មុខសុញ
ធ្វើឫកអេះអុញ តែរឿងអសារ
កាន់គំនិតខ្ជិល ប្រើសម្ដីក្លា
ដាក់គូទត្រង់ណា បានឈ្លោះត្រង់ហ្នុង។

កុំស្លាប់គំនិត ទាំងកុំស្លាប់ចិត្ត
ព្រោះដ្បិតបើស្លាប់ អ្វីៗចប់ស្លុង
រស់សំបកកាយ គំនិតសូន្យសុង
រូបសំបកហ្នុង ជាសត្វយន្តហើយ។

5 septembre 2015, 17:54 · Phnom Penh ·

រូបនេះ ជាក្របសៀវភៅរឿងប្រលោមលោកប្រតិដ្ឋវិទ្យាសាស្ត្រ "ស្មូមក្នុងប្រទេសអេស្ប៉ាញ" របស់អ្នកនិពន្ធអាមេរិកាំង Nancy Kress

No comments:

Post a Comment