Saturday, September 17, 2016

158. Poem #rbu_932_កាព្យព្យុះអារម្មណ៍

រាហ៊ូចេញពាំង បាំងមេឃបាត់
ងងឹតសូន្យស្ងាត់ សត្វមៀមយំ
នឹកស្មានតែយប់ យូរជ្រៅធំ
គឺរាហ៊ូគុំ ខឹងនឹងព្រះ។
សូមទោសសូមទុក មុខឲ្យផង
កុំសងកុំសាប់ ដាប់មួយឈ្នះ
ឲ្យចិត្តបាត់ខឹង ប្រឹងព្រលះ
ស៊ូព្រមតាមព្រះ ប្រគល់ឲ្យ។
រាហ៊ូចង់ឈ្នះ ច្រណែនខ្នាញ់
បានហើយចង់ផ្ចាញ់ ឌឺបណ្ដោយ
ស្រែកវ៉ាសហោះវឹង ប្រឹងដង្ហោយ
ស្ទុយពុំងាកក្រោយ លែងបាំងមេឃ។
ទេពធីតាតូច ភ្នែកធ្មេចបិទ
ដៃប្រណមស្និទ្ធ ថ្លង់ខ្លាំងពេក
ឧទ្ទិសសំពះ សូមឲ្យមេឃ
ព្រាករស្មីផ្លេក ភ្លឺឡើងវិញ។
ដោយបុណ្យកុសល ផលសន្សំ
នាងតូចប្រណម មាត់ទន្ទេញ
"សូមព្រះលោកជួយ មេឃភ្លឺវិញ"
ទេពនិករចេញ ព្រាចផ្កាពរ។
មេឃភ្លឺរន្ទាល ច្រាលសាយសព្វ
ផែនដីត្រឡប់ ឮសព្ទផ្គរ
លាន់សូរគគ្រឹក សន្ធឹកខ្ទ័រ
បានពរជួបជ័យ សិរីសុខ។
រក្សាសិទ្ធិ​ copyright rbu_spp 17 September 2015, 4:36 pm Puthpong Sao សៅរ៍​ ពុធពង្ស

No comments:

Post a Comment