Wednesday, September 14, 2016

146. Poem #rbu_925_ឆ័ត្រស្លឹកចេក

September 14, 2015 at 12:22pm
ទទូស្លឹកចេក ជ្រកមេឃភ្លៀង
ឃើញមុខងាកមៀង ដូចបាំងឆ័ត្រ
ឱ បុប្ផាព្រៃ ស្រស់ពេកក្ដាត់
ម្ចាស់សួគ៌សម្បត្តិ គូភ្នែកគន់។
ស្លឹកចេកទាំងធាង នាងទទូ
មើលភ័ក្ត្រនាងយូរ ឃើញស្រទន់
ក្រោមភ្លៀងសស្រិច ដូចស្រប់មន្ត
បន្ទន់ចិត្តខ្ញុំ សូមមេត្តា។
ផ្កាក្រហមបាំង ឆ័ត្រស្លឹកចេក
សោភ័ណពេញភ្នែក រីកស្រស់ថ្លា
កណ្ដាលធម្មជាតិ ព្រៃព្រឹក្សា
ក្នុងវាលស្នេហា ចិត្តកួចផ្សង។
ភ្លៀងអើយកុំធំ សូមប្រណី
លោមអង្វរស្រី យល់បំណង
ប្រោះព្រំក្រាលស្បៃ ស្រប់ពរផង
ឲ្យបានដូចប៉ង នាងជាគូ។
រក្សាសិទ្ធិ copyright rbu_spp 2:18 pm Monday September 14, 2015 សៅរ៍ ពុធពង្ស Puthpong

No comments:

Post a Comment