Saturday, September 3, 2016

120. Poem #rbu_911_បង់សំណាញ់លើផ្លូវ

១. បានទឹកលេង លេងទឹក នឹកប្លែកម្យ៉ាង
មើលសងខាង តាមផ្លូវ ផ្លូវទឹកលុយ
លូទឹកលិច លិចលង់ ផ្អើលអស់រុយ
លង់ទឹកលុយ ទឹកលិច ពេញភ្នំពេញ។
២. អ្នកនេសាទ ធ្វើឆ្លាត បង់សំណាញ់
រកត្រីក្រាញ់ អណ្ដែង ឬត្រីលេញ
ទៅលក់ឲ្យ មេក្រុង ក្រែងគេទិញ
ព្រោះយប់មិញ ឮថា យល់សប្ដិខុស។
៣. គេឮគាត់ អះអាង លូលែងស្ទះ
ព្រះអើយព្រះ ពេលភ្លៀង ជួយមើលចុះ
ផ្អើលត្រីឆ្ដោ ត្រីឆ្លាម ទាំងកញ្ចុះ
ហែលបង្រុះ ប្រជែង ម៉ូតូឡាន។
៤. ឃើញទឹកលិច លិចជន់ ហូរហៀរផ្លូវ
ត្រូវមិនត្រូវ អ្នកបង់ ចង់ឲ្យបាន
គេតាមមើល ថតផ្សាយ ល្បីមិនខាន
មិនថាស្មាន ភ្នំពេញ ទឹកលិចមែន។

No comments:

Post a Comment