Friday, September 9, 2016

138. Poem #rbu_919_រទេះគោខ្មែរ

ឃើញរូបនេះ ខ្ញុំនឹកឃើញជំនន់លិចផ្លូកាត់ បឹងកោះកុសល ខាងកើត វត្តសុបិនារាម គិរីវង់ តាកែវ កាលក្នុងឆ្នាំ១៩៦១។

រទេះគោខ្មែរ កេរពីព្រេង
គុណសែនធំធេង គំនិតច្នៃ
ដូនតាបានសាង ទុកស្នាដៃ
នៅដល់សព្វថ្ងៃ គួរស្ញប់ស្ញែង។

បើដើរក្រឡឹង គន់និងគិត
ឱនមើលពិនិត្យ គ្រប់កន្លែង
ទាំងក្រោមចំហៀង សព្វមុំចែង
មុំទាលមុំកែង មុខតែកោត។

មើលកង់វង់ធំ កាំជ្រោងពិត
ប៉ានដែករឹបជិត ស្រាយចំណោទ
ឆ្លងជង្ហុកផុង ឡើងទេរចោត
ដូចហក់មួយផ្លោត ផុតបញ្ហា។

មើលទៅឯប្រែក ប៉ែកសងខាង
អមប្រឹងការកាង យ៉ាងសង្ហា
ទប់ជ្រែងពង្រឹង យានខ្លាំងក្លា
ច្បាស់បញ្ជាក់ថា ប្រើធានា។

មើលទៅខាងក្រោម ដុំភ្លៅមូល
គូមាំទប់ទូល វិលមិនរា
ឲ្យរថទៅមុខ ពិតជាក់ជា
យានទំនើបគ្រា អង្គរយុគ។

មើលទៅទូកភ្លោះ តចន្ទោល
ភ្ជាប់នឹងនឹមគោល ម៉ាស៊ីនមុខ
ក្របីឬគោ មានថែទុក
កម្លាំងអូសមុខ យានអស្ចារ្យ។

ដូចមានរូបលើ ជញ្ជាំងប្រាង្គ
អង្គរជាតាង ប្រាប់លោកា
រទេះគោខ្មែរ ប្រើពេលណា
មិនថាចម្បាំង សុខសម័យ។

រទេះបុរាណ សាសន៍នានា
ពុំមានប្រែកវា គំនិតខៃ
ទាំងពុំមានក្បាច់ វិចិត្រច្នៃ
តម្លៃសិល្បៈ ដូចរថខ្មែរ។

រក្សាសិទ្ធិ copyright rbu_spp 10:00 pm Monday September 9, 2015 សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment