Monday, August 15, 2016

97. Poem ‪#‎rbu_895_ទោសប្រឆាំងបក្ស_អំណាចគឺអញ‬

15 août 2015, 20:09
អ្នកស្នេហាជាតិ គេចាប់ដាក់គុក
អ្នកស្អុយគគ្រុក លួចជាតិធ្វើមាន
ឡើងបុណ្យសក្ដិធំ ក្រអឺតបំពាន
គឃ្លើនស្រេកឃ្លាន អំណាចសម្ញែង។
ជារឿងអាម៉ាស់ សម្រាប់ជាតិខ្មែរ
បើនៅមិនកែ ដូចឃើញជាក់ស្ដែង
របៀបគ្រប់គ្រង ន្យោបាយ(១)ជាល្បែង
អំណាចមិនក្រែង គ្រោះថ្នាក់ជាតិខ្មែរ។
រឿងដីព្រំដែន រាស្ត្រជាសាក្សី
ស្រុកខ្មែររួញដី ដីបាត់ហូរហែ
មកពីមានហេតុ ព្រំដែនដាច់ខ្សែ
ដូចបង្គោលដែរ ដើរចូលឥតឈប់។
ទោសប្រឆាំងបក្ស ផ្លាក់ជាទោសធំ
ដូចមានគំនុំ ផ្សំធាតុពុំគ្រប់
ឃើញដៃជាប់ខ្នោះ ដូចធ្ងន់លើសលប់
ខ្មែរត្រូវបញ្ឈប់ វប្បធម៌ខុសឆ្គង។
សក្ការបុគ្គល វប្បធម៌ទំយើ
ដាក់អំណាចលើ ច្បាប់យកជើងគង
គូទនៅលើច្បាប់ ជើងដៃសំពង
ឃើញខុសទំនង "អំណាថគឺអញ"។
កំណត់៖ (១) ន្យោបាយ ជាពាក្យកាត់ខ្លី តាមភាសានិយាយ ពី នយោបាយ ដើម្បីតម្រូវជើងកាព្យ។
"ក្បត់ជាតិ" ទាល់តែនិយាយឬធ្វើសកម្មភាពអ្វី (ដោយមានបំណង) ឲ្យជាតិ ខូចខាតបាត់បង់។
រក្សាសិទ្ធិ copyright rbu_spp Saturday August 15, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment