ឱ កូនកង្កែប ចង់ឡើងសួគ៌
មិនបាច់ប្រើពួរ លោតឡើងទំ
អើតមើលលោកា ឃើញមេឃធំ
ដូចស្រុកនិគមន៍ លំនៅយក្ស។
ទំលើច្រមុះ ដូចលើភ្នំ
ហេមពាន្តសែនធំ ល្ហើយត្រជាក់
ខ្យល់ចេញពីរូង ធ្វើឲ្យភ្ញាក់
មៀងមើលបញ្ជាក់ រន្ធច្រមុះ។
ឈ្ងោកមើលទៅក្រោម ឃើញសផ្លេក
នឹកឆ្ងល់ខ្លាំងពេក ក៏លោតចុះ
ដូចភ្លុកគជសារ ចាំងសក្បុស
ឲ្យឆ្លុះឃើញមាត់ រូងសូន្យស្លុង។
ក៏ស្រាប់តែមាន ក្លិនភាយៗ
ពិបាកនិយាយ ចេញពីក្នុង
ខ្លះក្លិនដូច cheese ខ្កះJambon
ពីរូងឧម្មុង ក្រពះយក្ស។
យក្សបើកភ្នែកធំ ចេញភ្លើងឆ្វាច
កូនកង្កែបខ្លាច ស្រែកភ័យញាក់
ញាប់ញ័រតត្រុន ខ្លួនតែម្នាក់
បើយក្សស៊ីជាក់ រត់មិនរួថ។
កូនកង្កែបតូច បន់គុណម៉ែ
សូមតាមជួយថែ ទាំងភ័យព្រួច
ម៉ែអើយជួយកូន ឲ្យបានរួច
ដល់ផ្ទះឈប់លួច ដើរលេងហើយ។
យក្សឮពាក្យនេះ សើចគ្រហាញ
ចាប់ទាញកង្កែប ថាអ្នកអើយ
ខ្ញុំពុំប៉ងស៊ី ឯងសោះឡើយ
សាងមិត្តយើងហើយ ប្រសើរជាង។
cheese ពាក្យអង់គ្លេស = fromage បារាំង,
jambon ពាក្យបារាំង = ham
រក្សាសិទ្ធិ copyright 7:29 am Tuesday August 4, 2015 សៅរ៍ ពុធពង្ស Puthpong Sao

No comments:
Post a Comment