Thursday, November 17, 2016
270. Poem #rbu_982_ម្ជូរព្រលឹត
(គ្រួសារពីដើមគេបង្ហាត់កូនឲ្យចេះធ្វើនំចំណីខ្លួនឯងក្នុងផ្ទះ ឥឡូវគេមានទម្លាប់នាំកូនទិញស្រាប់ៗ)
ម្ជូរស្រែក្បែរជិតព្រលឹតងាយ
ឆ្ងាញ់ហួសនិយាយហូបពេលឃ្លាន
មិនថាអ្នកក្រឬអ្នកមាន
នឹកឃ្លានព្រលឹតម្ជូរស្រែហ្នឹង។
ព្រលឹតក្នុងស្រែដុះក្បែរស្រូវ
រៀងអាយក្បែរផ្លូវត្រពាំងបឹង
ក្រឡេកឃើញជិតគិតសម្លឹង
ប្រើម្ជូរត្រួយថ្នឹងអំពិលខ្ចី?
ឬផ្លែសណ្ដាន់បានដូចគ្នា
ក្រៀមស្រស់គូវាយ៉ាងណាក្ដី
ឬអំពិលទុំតាមមេត្រី
តែកុំភ្លេចអីបង់ព្រហក់។
ប្រហុកកំភ្លាញឬកន្ធរ...
តាមគាប់រើសយក៍កុំភ្លេចភ្លក្ស
ត្រីជញ្ជាត់ចាំឬត្រីផ្ទក់
ក្រាញ់កញ្ចុះលក់ពងពេញពោះ។
ឬកំពឹសក្ដាមតាមរកបាន
ដាំលើចង្ក្រានជូរតាមឈ្មោះ
កុំចោលម្អមស្រែក្បែរភ្លឺភ្លោះ
សមយសរសក្លិនម្ជូរព្រលឹត។
ព្រលឹតគិតទៅនៅមានគ្នា
ត្រកួនគូវាមិនភ្លេចគិត
ជំនួសគ្នាបានដូចជាមិត្ត
ត្រកួនព្រលឹតម្ជូរស្រែខ្មែរ។
រឿងខុសគ្នាមួយគួរសម្គាល់
ចុងភៅស្លផ្ទាល់ដឹងល្បិចកែ
គេបង់ម្ជូរមុនព្រលឹតដែរ
រីឯត្រកួនម្ជូរបង់ក្រោយ។
នេះព្រោះព្រលឹតឆាប់ផុយជាង
ចុងភៅវៃវាងបង់ម្ជូរឲ្យ
ព្រលឹតកុំផុយម្ទេសបណ្ដោយ
ត្រកួនម្ជូរក្រោយម្អមបញ្ចប់។
រក្សាសិទ្ធិ copyright rbu_spp ៥:១៥ ល្ងាច អង្គារទី១៧ វិច្ឆិកា ២០១៥ សៅរ៍ ពុធពង្ស Puthpon
Subscribe to:
Post Comments (Atom)
No comments:
Post a Comment