Wednesday, September 21, 2016

165. Poem #អាចារ្យបោក

September 22, 2013 at 9:47am
អាចា្យ(?!)យូកូង ដឹងមួយណា?
បើហៅអាចារ្យ ក្រែងមិនសម
តើចេះធម៌ទេ ឬបន្លំ
ឥតធម៌មិនសម ហៅអាចារ្យ។
បើអាចារ្យពិត មិនពាក់ខ្មៅ
កែវភ្នែកក្រឡៅ បាំងនេត្រា
អាចារ្យមានសីល ពាក់វ៉ែនតា
សស្មោះឆ្លុះថ្លា មិនខ្មៅទេ។
អាចារ្យមួយនេះ មានតែឈ្មោះ
ប្រតិដ្ឋរឿងឈ្លោះ គ្មានទំនេរ
មួយថ្ងៃៗ ដៀមដាមជេរ
សីលគាត់គឺជេរ ជេរៗៗ។
អាចារ្យអីនេះ មារយាទអន់
ឱបស្រីក្មេងកណ្ដាលហ្វូងគេ
គេចោលភ្នែកមើល ទាំងលួចជេរ
អាចារ្យខុសគេ ខូចកេរ្តិ៍ខ្មែរ។
អាចារ្យសក់ស្កូវ សសំព្រោង
អាចោរយូកូង បូលពូកែ
សក់វែងលើសស្រី ផឹកប៉ោឡែ
ខូចអស់ឈ្មោះខ្មែរ អាចារ្យបោក។
អាចារ្យតែឈ្មោះ មិនចេះធម៌
ឥតសីលដើរភរ ប្រព្រឹត្តស្មោក
ឱបស្រីក្មេងៗ គំនិតថោក
ប្រាជ្ញព្រោកល្បិចបោក នរកហៅ៕

164. Poem #rbu_936_ផ្កាស្នោ

ផ្កាស្នោរីកព្រាត លឿងពេញស្រែ
មាត់ទឹកហូរហែ រដូវភ្ជុំ
កាច់បេះពេលព្រឹក ធ្វើល្បោយនំ
បញ្ចុកចោមជុំ ញាតិមេត្រី។

ផ្កាស្នោអន្លក់ ផ្ទាប់អន្សម
ទឹកគ្រឿងជីអម ត្រីអាំងថ្មី
ជ្រុំនឹងប្រហុក ទោះម្ជូរអ្វី
អំពិលទុំក្ដី ឬក្រសាំង...។

ផ្កាស្នោចាប់គូ ដៃចាប់ញាត់
ត្រូវចិត្តពេញមាត់ អស់បាយក្ដាំង
អន្លក់ត្រូវមាត់ រលើងឆ្នាំង
ឆ្ងាញ់ពេញចិត្តខ្លាំង ហ្នឹងអន្លក់។

ផ្កាស្នោក៏ជា គ្រឿងបន្លែ
គាប់ចិត្តឆ្ងាញ់ ដែរបើគេជ្រក់
មិនថាហូបផ្ទះ ឬធ្វើលក់
ត្រូវត្រីអាំងផ្ទក់ ក្រាញ់អណ្ដែង...។

ផ្កាស្នោបន្លែ សម្លម្ជូរ
ជាកេរគាប់យូរ ជាប់អង្វែង
អង្វាត់តមក យ៉ាងនេះឯង
ដូចចែងមានចារ មុខម្ហូបខ្មែរ។

រក្សាសិទ្ធិ copyright rbu_spp 7:52 pm Monday September 21, 2015 សៅរ៍ ពុធពង្ស Puthpong Sao

162. Poem #rbu_596_បទ_សត្វត្រយង

video from September 21, 2014 at 10:20am to his timeline — at Tuol Sampeov Reach pagoda, Dey Eth, Kien Svay, Kandal, some 20 km southeast of Phnom Penh, off National Road 1.
ភ្លេងដេញប្រគំ ដំគោះកេះ
សិស្សទាំងនេះចេះ ភ្លេងបុរាណ
គងគោះមូងៗ តាមលម្អាន
លម្អិតបទបាន រណ្ដំឯក។
រនាតធំតូច ដូចការី
គងធំតូចក្ដី រនាតដែក
ឈឹងឈឹបគោះឆាំង ភ្លេងប្លែកៗ
ស្គរដំរួមប៉ែក ភ្ជុំកាន់បិណ្ឌ។
មេវង់បុរាណ រតនៈ សុខ
ចិត្តស្ម័គ្រជួយស្រុក តាមបំណិន
និស្សិត SITEC មានសុបិន
អាយធី ចេះប៉ិន លើកភ្លេងខ្មែរ។
ក្រុមសិស្សសាលា ក្បែរខាងវត្ត
ទោះពុំទាន់ស្ទាត់ លេងហូរហែ
ឆ្នើមបានប៉ុនណេះ រៀនបីខែ
គួរសរសើរដែរ លេងពីរោះ។
ពីជ័យវរ្ម័ន ទីប្រាំពីរ
និងទួលសូភី សាលាឈ្មោះ
វិទ្យាល័យនិង បឋមនោះ
ក៏ព្រោះស្រឡាញ់ បុរាណភ្លេង។
សិស្ស អ៊ឹម ប៊ុនរិទ្ធ អ្នកដឹកនាំ
ប្រគំនៅទាំ មេក្មេងៗ
ស៊ឹម សុភ័ក្ដិ អ្នក ប្រគំលេង
រួមក្មេងផ្សេង សំ ណាង ពន្លក។
សាវ៉ន ជីមី លេងស៊ីគ្នា
ស្ម័គ្រមិនទាមទារ បច្ច័យរក
បើឲ្យក៏ព្រម ទទួលយក
លៃលកចែកគ្នា ចូលវត្តខ្លះ។
វត្ត ទួលសំពៅ រាជ្យ ដែនឃុំ
ដីឥដ្ឋ ទីជុំ កៀនស្វាយ ចាស់
ថ្ងៃ១៣រោច មេឃស្រលះ
ពីរថ្ងៃចាំច្បាស់ មុនបុណ្យភ្ជុំ។
ខែចន្ទគតិ ភទ្របទ /ភាត់ទ្រាក់បុត/
លាងចិត្តបរិសុទ្ធ ញាតិចោមជុំ
ជំនឿបុរាណ តាមចាស់ទុំ
១៥រោចភ្ជុំ សែនដូនតា៕
© rbu_spp September 21, 2014 Puthpong Sao.
-2:11
189 Views

Sunday, September 18, 2016

161.m Poem #rbu_594_រាត្រីបិទភ្នែក

(កំណាព្យឆ្លើយឆ្លង)
Puthpong Sao

រាត្រីបិទភ្នែក ដេកមិនលក់
នៅអង្គុយងក់ ស្ងាបហ៊មៗ
ងើយមើលឃើញមេឃ ងងឹតព្រម
ផ្កាយពួនក្រោយខ្ទម ចិត្តកំព្រា។
យកដៃឱបទ្រូង លួងបេះដូង
រោមឡើងបះច្រូង កាយរងា
អារម្មណ៍៍៍ព្រឺព្រួច បាត់ពម្ងា
ទ្រូងអើយវេទនា ព្រាត់សង្សារ។
អ្នកគ្រូ Danin ៖
នឹកគ្រាថ្នមបី ដៃត្រកង
គេងកើយទ្រូងបង ផ្សងស្នេហា
ធ្លាប់នៅនែបនិត្យ ជិតកាយា
ឥឡូវកនិដ្ឋា បែរឃ្លាតឃ្លា។
Puthpong Sao ៖
អូនឃ្លាតពីបង ព្រោះហេតុអ្វី
ឬស្នេហ៍ភក្ដី ត្រូវជួបមារ
ជ្រែកហែកទ្រូងបង ឲ្យក្រំគ្រា
រស់នៅកំព្រា ព្រាត់មាសមួយ?
សូមព្រះសណ្ដោស ប្រោសដល់ខ្ញុំ
ឲ្យបានជួបម៉ុម ផុតទុក្ខព្រួយ
មេឃអើយភ្លឺឡើង បើកភ្នែកជួយ
ប្រោះព្រំស្នេហ៍មួយ ជួបចន្ទ្រអូន។

160. Poem #rbu_593_គូររូបម៉ែបានគេងឱប

September 18, 2014 at 10:01am
"ម៉ែខ្ញុំទៅណា ឯណាម៉ែ?
កូនរកឥតល្ហែ តែមិនជួប
មិនឃើញមុខម៉ែ ទុក្ខរឹតរួប
ចង់ជួបមុខម៉ែ ដូចគេឯង"។
ក្មេងស្រីតូចនេះ ចង់ជួបម៉ែ
ចាំផ្លូវយូរខែ ទុក្ខចំបែង
មិនដឹងម៉ែស្លាប់ យំក្ដែងៗ
នាងតូចតុបតែង គូររូបម៉ែ។
នាងគូរលើដី រូបម៉ែនាង
គូសដាមព្រាងៗ គិតថាម៉ែ
ចូលគេងទន្ទឹម កើយជាប់ក្បែរ
គីិតថាជាម៉ែ គេងឱបកូន។
កម្សត់រំជួល ទឹកភ្នែកដាម
ហូរស្រក់រហាម មុខស្រពោន
ហូរកាត់ផែនថ្ពាល់ នាងតូចកូន
ពុំមានបងប្អូន ស្រណោះក្រៃ។
រឿងពិតកើតនៅ រដ្ឋអ៊ីរ៉ាក់
ភ្នក់ភ្លើងមរណៈ គ្មានតម្លៃ
ផ្ដាច់ជន្មពលរដ្ឋ រៀងរាល់ថ្ងៃ
សង្គ្រាមប្រល័យ មនុស្សសាង។
© rbu_spp 9:59 am September 18, 2014 Sao Puthpong

Saturday, September 17, 2016

159. Poem #rbu_933_ខឹងនឹងភ្លៀង




ខឹងនឹងមេឃ ហែកខ្លួនចាក់ ភ្លៀងបាក់មេឃ
ធ្លាក់ច្រើនពេក លិចជ្រាំជ្រៅ តែនៅក្រុង
ឯនៅស្រែ ប្រែដីប្រេះ ហួតទាំងស្រុង
ទាំងអ្នកក្រុង ទាំងអ្នកស្រែ បែរខឹងភ្លៀង។
អ្នកនៅក្រុង ខឹងភ្លៀងទាំ ពពិចដី
ចង្រៃអ្វី ដីស្រុកស្រែ ធ្លាក់មិនទៀង
បែរហួតហែង សន្ទូងស្រូវ ស្វិតរៀងៗ
សត្វធ្លាប់ច្រៀង រងាវស្រែក បែ្លកស្ងប់ស្ងាត់។
ស្រែចម្ការ ត្រូវការភ្លៀង ទឹកមិនគ្រប់
ភ្លៀងធ្លាក់ឈប់ បឹងគោករាក់ ទឹកមិនកាត់
តាមវាលស្រែ ធ្លាប់តែស្រូវ ខៀវស្រងាត់
ឥឡូវបាត់ ភាពស្រស់បស់ ទោះជិតភ្ជុំ។
ភ្លៀងតវ៉ា ថាសូមទោស កុំដៀលវា
ព្រៃនានា គេកាប់ពាយ ត្រងោលភ្នំ
ដីឡើងក្ដៅ ស្មៅក៏ងាប់ សត្វព្រៃយំ
ចងគំនុំ នឹងមនុស្ស បំផ្លាញព្រៃ។
នេះជាហេតុ នាំដីក្ដៅ ស្មៅក្រៀមស្វិត
ទើបភ្លៀងឥត ស្រោចស្រពស្មើ ដែនទីទៃ
ជាទៀងទាត់ ធម្មជាតិ ទើបកើតភ័យ
ខ្វល់មមៃ ភ្លៀងដីក្រុង រាំងស្រុកស្រែ។
ភ្លៀងនៅក្រុង អ្នកធំហ្នុង ផ្ទះនៅហ្នឹង
ធ្វើមិនដឹង ឲ្យកាប់ព្រៃ ហិនហូរហែ
ពាយហិនហោច ឃើញស្រាប់ហើយ ព្រៃស្រុកខ្មែរ
មើលដីស្រែ ប្រេះក្រហែង ចេញក្រឡា។
បើមានភ្លៀង ភ្លៀងបែរធ្លាក់ នៅឯភ្នំ
ជន់លិចឃុំ ហូរលិចភូមិ ស្រែចម្ការ
លិចទាំងផ្ទះ លង់ទាំងសត្វ ឥតអសារ
ឥតបានការ ភ្លៀងបង្រុះ ខុសរដូវ។
បើមិនគិត គ្មានគំនិត កែមារយាទ
មុខតែជាតិ កើតសៅហ្មង ថាមិនត្រូវ
ស្រុកអស់ព្រៃ ដីអត់ទឹក រាស្ត្រអត់ស្រូវ
ដូចអស់ផ្លូវ ត្រូវវ័ណ្ឌក ក្រជាន់ក្រ។
រក្សាសិទ្ធិ​ copyright rbu_spp 17 September 2015, 11:31 pm Puthpong Sao

158. Poem #rbu_932_កាព្យព្យុះអារម្មណ៍

រាហ៊ូចេញពាំង បាំងមេឃបាត់
ងងឹតសូន្យស្ងាត់ សត្វមៀមយំ
នឹកស្មានតែយប់ យូរជ្រៅធំ
គឺរាហ៊ូគុំ ខឹងនឹងព្រះ។
សូមទោសសូមទុក មុខឲ្យផង
កុំសងកុំសាប់ ដាប់មួយឈ្នះ
ឲ្យចិត្តបាត់ខឹង ប្រឹងព្រលះ
ស៊ូព្រមតាមព្រះ ប្រគល់ឲ្យ។
រាហ៊ូចង់ឈ្នះ ច្រណែនខ្នាញ់
បានហើយចង់ផ្ចាញ់ ឌឺបណ្ដោយ
ស្រែកវ៉ាសហោះវឹង ប្រឹងដង្ហោយ
ស្ទុយពុំងាកក្រោយ លែងបាំងមេឃ។
ទេពធីតាតូច ភ្នែកធ្មេចបិទ
ដៃប្រណមស្និទ្ធ ថ្លង់ខ្លាំងពេក
ឧទ្ទិសសំពះ សូមឲ្យមេឃ
ព្រាករស្មីផ្លេក ភ្លឺឡើងវិញ។
ដោយបុណ្យកុសល ផលសន្សំ
នាងតូចប្រណម មាត់ទន្ទេញ
"សូមព្រះលោកជួយ មេឃភ្លឺវិញ"
ទេពនិករចេញ ព្រាចផ្កាពរ។
មេឃភ្លឺរន្ទាល ច្រាលសាយសព្វ
ផែនដីត្រឡប់ ឮសព្ទផ្គរ
លាន់សូរគគ្រឹក សន្ធឹកខ្ទ័រ
បានពរជួបជ័យ សិរីសុខ។
រក្សាសិទ្ធិ​ copyright rbu_spp 17 September 2015, 4:36 pm Puthpong Sao សៅរ៍​ ពុធពង្ស