Friday, January 6, 2017
#កម្រងនិទានអនុស្សារណ៍ #ផ្លិត
"មានចិត្តដាំផ្កា ផ្កាមិនរីក គ្មានចិត្តដាំស្មៅ ស្មៅដុះឯង"។ នេះដូចជាភាសាបេះដូង អណ្ដែតអណ្ដូងក្នុងអន្លង់មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់នាងក្រមុំប្រិមប្រិយម្នាក់ឆ្លាក់ដិតនៅលើផ្លិតមួយ សៀតនៅជញ្ជាំងបន្ទប់រៀន ដែលសិស្សប្រុសៗដណ្ដើមគ្នាមើល និងបកស្រាយតាមអារម្មណ៍រៀងៗខ្លួន ក្នុងថ្នាក់មធ្យមសិក្សាមួយ កាលពី៣០ឆ្នាំមុន។
រំឭករឿងនេះ កាលឆ្នាំនោះ ខ្ញុំនឹកឃើញទស្សនៈរបស់គតិវិទូ កវី ទេវវិទូដាណឺម៉ាកម្នាក់ លោក Soren Aabye Kierkegaard (៥ ឧសភា ១៨១៣ - ១១ វិច្ឆិកា ១៨៥៥) ដែលគេចាត់ទុកថាជាបិតានៃទស្សនវិជ្ជា Existentialism អត្ថិភាពនិយម ដែលដើរចេញឆ្ងាយពីជំនឿលើគំនិតអវិជ្ជមាននិងអបិយនានា និងផ្ដោតតែលើអ្វីដែលខ្ញុំសូមពិពណ៌នាតាមគតិកាព្យរបស់ខ្ញុំអំពី "វាសនា" តាមអត្ថន័យពីរ ដូចខាងក្រោម៖
អ្នកខ្លះបាន ជោគជ័យ ដោយ"វាសនា"(១)
ខ្លះទៀតណា ដោយសារ ការប្រឹងប្រែង
តើត្រូវជឿ វាសនា ដោយឯងៗ
មិនប្រឹងប្រែង ធ្វើការ ឬយ៉ាងណា?
ជោគជ័យផ្ទាល់ មានផ្លូវ ត្រូវដើរពីរ
មួយ៖ នាទី កំណត់ "ប្រតិបត្តិ" (២) ការ
ឯមួយទៀត៖ ខំប្រឹង ធ្វើឧស្សាហ៍
ព្រោះ"វាសនា"(៣) ប្រែថា ការកសាង។
ខ្ញុំមិននិយាយអំពីទស្សនៈរបស់លោក Kierkegaard ត្រង់ទ្រឹស្ដីអំពីមនោសញ្ចេតនារបស់នារីក្មេងៗទាំងឡាយ ដែលលោកបានប្រើពាក្យថា "នារីទាំងឡាយអៀននឹងប្រុសៗតែនៅពេលមិនទាន់នៅក្នុងដៃក្រសោបឱបរបស់ប្រុសៗប៉ុណ្ណោះ" នោះទេ ប៉ុន្តែខ្ញុំលើកត្រង់ "នារី១០០នាក់ មានសម្រស់ខុសគ្នា១០០បែប"។
នារីដែលជាម្ចាស់ផ្លិតនេះនិងមិត្តជិតស្និទ្ធរបស់នាងម្នាក់ដែលទៅណាមកណាជាមួយគ្នាតែពីរនាក់ មានសម្រស់លេចលើនារីដទៃ ដែលតែងតែលួចចោលខ្សែភ្នែកច្រណែននឹងនាងៗ៖ សម្រស់នារីជាទីគាប់ភ្នែករបស់បុរសទាំងឡាយ ប៉ុន្តែ មិនជាទីគាប់ចិត្តរបស់នារីរូបមិនស្អាតនោះទេ។ សម្រស់របស់នាងទាំងទាំងពីរតែងតែប្រកួតគ្នាជាសម្ងាត់សម្រាប់បល្ល័ង្កដួងចិត្តនៃពួកកំលោះនានា មិនថាតែនៅក្នុងសាលារៀន នៅក្នុងភូមិ ឬក៏នៅតាមផ្លូវដែលនាងៗបានចរ។ បុរសទាំងឡាយ ខ្លះទាំងហ៊ានបង្ហាញឫកនិងប្រើភាសាគឃ្លើនលែបខាយ ឬលាក់ក្នុងអារម្មណ៍កំបាំងរបស់ខ្លួន ប្រាថ្នារូបនាងជារាជិនីដួងចិត្ត ក្នុងជីវិតរបស់ពួកគេ។
ក្លិនក្រអូបប្រហើរស្រស់របស់បុប្ផារីកថ្មីទាក់ទាញសព្វញ្ញាណរបស់ភូមរាយ៉ាងណា សម្រស់របស់យុវតីទាំងពីរ ប្រដូចបាននឹងផ្កាឈូកទើបនឹងរីកនាអរុណសម័យពេលព្រះអាទិត្យចាប់ពេញពន្លឺ ក៏ទាក់ទាញក្រសែភ្នែកនិងអារម្មណ៍របស់សិស្សប្រុសៗយ៉ាងនោះដែរ។ ... នៅក្រៅម៉ោងរៀន សិស្សប្រុសណាដែលរពឹសភ្នែកនិងរពឹសមាត់តែងតែឆ្លៀតពេលសរសៀរទៅក្បែរនាងទាំងពីរនៅទីដែលនាងទៅ ដើម្បីនឹងនិយាយលែបខាយឌឺដងផ្សងអារម្មណ៍ភ្លើតភ្លើន ប្រាថ្នាឲ្យនាងចាប់អារម្មណ៍និងឆ្លើយឆ្លង។ ប៉ុន្តែនាងមិនបានរវល់ឡើយ ...
... ថ្ងៃមួយ ម៉ោងរៀនបានចាប់ផ្ដើម ក្រសែភ្នែកក្រឡេករេទាំងគូៗក្នុងអារម្មណ៍ដណ្ដឹងសួរនៃអស់ពពួកសិស្សប្រុសៗសូម្បីតែអ្នកមិនសូវបានមាត់ក ពុំបានចម្លើយដូចការរំពឹងទេ។ នាងមិនបានមករៀនឡើយ ដោយមិនបានប្រាប់មូលហេតុ។ មិត្តរបស់នាងបានមកជាធម្មតា បាត់តែនាង។ សូម្បីតែក្នុងម៉ោងរៀន ក៏អារម្មណ៍សិស្សប្រុសៗបង្ហាញភាពជ្រួលច្រាលខុសប្រក្រតីដែលពួកគេខំសង្កត់ទាំងតឹងចិត្តមិនឲ្យធ្លោយធ្លាយចេញមកក្រៅ ...
ម៉ោងចេញលេង ... សំណួររបស់សិស្សប្រុសបាញ់ចម្រុះទៅមិត្តរបស់នាង ប្រាថ្នាចង់បានចម្លើយ។ ពេលខ្លះមិត្តនាងធុញថប់នឹងសំណួរដដែលៗរបស់ប្រុសៗនោះ ក៏បានឆ្លើយបែបទ្រគោះថា "ទៅសួរគេ ខ្លួនឯងទៅ!"។
ទំនងជាចិត្តស្រមៃនិងអារម្មណ៍អាល័យធ្វើឲ្យប្រុសៗនឹកទៅដល់នាងឬយ៉ាងណា ពួកគេបានទៅផ្ដុំគ្នានៅតុជាទីនាងធ្លាប់អង្គុយ ជជែកគ្នាជុំវិញសម្រស់នាង ចំពេលដែលខ្ញុំបានដើរចូលទៅ មុនម៉ោងចូលរៀន។ សិស្សប្រុសម្នាក់បានអូសខ្សែភ្នែកកាត់ជញ្ជាំងក៏ទាក់នឹងវត្តុមួយសៀតនៅអែបប្របសសរ ... ទាញយកមកមើល ... ខ្លះបានលាន់មាត់ថា "ផ្លិតនាងហ្នឹងតើ!"។ ខ្លះទៀតថា "មិនបានឃើញមុខម្ចាស់ ឃើញតែផ្លិតក៏អស់ចិត្តដែរ។" ...
ម្នាក់នោះបានឧទានថា "ន៎ែ! មើលនេះ នាងបានសរសេរកំណាព្យស្អីន៎ែ ៖ មានចិត្តដាំផ្កា ផ្កាមិនរីក គ្មានចិត្តដាំស្មៅ ស្មៅដុះឯង"។
សិស្សម្នាក់បាននិយាយថា "យកជូនលោកគ្រូ ..."។ ខ្ញុំបានបើកលាមើល ហើយឧទានយ៉ាងខ្លីថា "នាងមិនត្រឡប់មកវិញទេ !" ខ្ញុំមិនបានឆ្លើយតបនឹងសំណួរផ្សេងៗរបស់សិស្សប្រុសៗទាំងឡាយទេ ហើយពួកគេបានបកស្រាយប្រស្នាកំណាព្យនេះតាមអារម្មណ៍យល់រៀងៗខ្លួន។ ខ្លះបានសួរគ្នាថា "ផ្ទះនាងនៅឯណា?"។ មិត្តនារីរបស់នាងនៅធ្វើមុខស្មើ មិនបានលូកមាត់ទេ។ សិស្សម្នាក់បានឆ្លើយថា "នៅម្ដុំស្ពានឈើ ខាងត្បូងច្បារអំពៅ ផ្លូវទៅវត្តចំពុះក្អែក។ អញធ្លាប់តាមទៅដល់ផ្ទះម្ដង"។
ពេលនោះសិស្សប្រុសម្នាក់ក្នុងទឹកមុខមិនសូវស្រស់ បានស្រង់សម្ដីខ្ញុំទៅនិយាយឡើងវិញថា "នាងមិនត្រឡប់មកវិញទេ !" ហើយមិត្តនារីរបស់នាងបាននិយាយថា "ចប់!"៕
កំណាព្យនេះខ្ញុំបានថ្លែងសូធ្យនៅពេលទទួលពានរង្វាន់ជ័យលាភីលេខ១ ក្នុងការប្រកួតស្នាដៃអក្សរសិល្ប៍ទូទាំងប្រទេស លើប្រធានបទ សិទ្ធិកុមារ (ថ្ងៃទី២០ ធ្នូ ២០១២)
(១) វាសនា ក្នុងអត្ថន័យសង្គមពីបរមបុរាណ ជាភ័ព្វលាភឫករាសី
(២) ប្រតិបត្តិ គឺ ការអនុវត្ត ការធ្វើការ
(៣) វាសនា ក្នុងអត្ថន័យ ការកសាងតាមរយៈការងារ ការព្យាយាម
អត្ថបទរក្សាសិទ្ធិ © Copyright rbu_spp ៦ មករា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No automatic alt text available.
LikeShow more reactionsCommentShare
69 Chhong Pel, Sarath Soung and 67 others
2 shares
6 Comments
Comments
Samphet Khiev
Samphet Khiev រឿងពិត?
Like · Reply · 8 hrs
Puthpong Sao
Puthpong Sao រឿងពិត
Like · Reply · 8 hrs
Samphet Khiev
Samphet Khiev ចង់ស្តាប់បានទេ?
Unlike · Reply · 1 · 8 hrs
Puthpong Sao
Puthpong Sao Samphet Khiev សូមអានម្ដងទៀតខាងដើម ខ្ញុំទើបបញ្ចូល។
Like · Reply · 6 hrs
Puthpong Sao
Write a reply...
Choose File
Hou Phearum
Hou Phearum លោកពូកែចង់ចាំម្លេះ?
Unlike · Reply · 1 · 7 hrs
Puthpong Sao
Puthpong Sao សូមអានម្ដងទៀតនឹងមានអារម្មណ៍ថ្មីៗ
Like · Reply · 1 · 6 hrs
Hou Phearum
Hou Phearum បាទអរគុណណាាស់សំរាប់ចែកចាយរឿងពិត
Unlike · Reply · 1 · 6 hrs
Puthpong Sao
Write a reply...
Choose File
Krues Reaksa
Krues Reaksa រឿងដែលចង់អោយកើតឡើង បែជាមិនកើតឡើង រឿងដែលមិនចង់អោយកើត បែជាកើតឡើងទៅវិញ
គ្រប់យ៉ាងដែលអ្នកប៉ងវាមិនសមទៅតាមបំណងរបស់អ្នកទាំងអស់ឡើយ
Unlike · Reply · 1 · 6 hrs
Sim Kimsean
Sim Kimsean មានចិត្តដាំផ្កា ផ្កាមិនរីក គ្មានចិត្តដាំស្មៅ ស្មៅដុះឯង មួយឃ្លានេះពិតជាមានន័យមែន
Unlike · Reply · 1 · 6 hrs
Puthpong Sao
Puthpong Sao រឿងពិតដែលបំភ្លេចមិនបាន។
Like · Reply · 6 hrs
Sim Kimsean
Sim Kimsean សុំសួរលោកគ្រូថា តើនារីម្នាក់នោះទៅណា?
Unlike · Reply · 1 · 3 hrs
Puthpong Sao
Puthpong Sao Sim Kimsean បាត់ដំណឹង មិនបានតាមដាន។
Like · Reply · 3 hrs
Sim Kimsean
Sim Kimsean បាទ អរគុណលោកគ្រូ
Unlike · Reply · 1 · 3 hrs
Puthpong Sao
Write a reply...
Choose File
Sim Kimsean
Sim Kimsean សូមសរសើរអ្នកដែលនឹកឃើញឃ្លាមួយនេះ
Unlike · Reply · 1 · 5 hrs
Panath Thach
Panath Thach គ្មានបុរសគ្រាន់បើណានូវទីនោះម្នាក់សោះស្តាប់ទៅ.....(ខ្ញុំសើច) តែរឿងនេះពិតជាគួរអោយខ្ញុំចាប់អារម្មណ៍អានជាខ្លាំង :) សូមសរសើរលោកពូ ពូកែសរសេរខ្លាំងណាស់ ។
Unlike · Reply · 1 · 52 mins
Puthpong Sao
Puthpong Sao តួពិតមិនចេញមុខ ឬ ប្រហែលជាតួពិតនៅក្នុងនេះដែល គេមើលមិនដល់។
Like · Reply · 34 mins
Panath Thach
Panath Thach
Subscribe to:
Posts (Atom)